ព័ត៌មានជាតិ

គម្រោងរៀបចំច្រក ទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ -បានណងអៀន សម្រេចជាង៩០%

រូបភាពពី ក្រសួងសាធារណការ និងដឹកជញ្ជូន

ភ្នំពេញ ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូ ចុះពិនិត្យវឌ្ឍនភាពកាងារ គម្រោងរៀបចំច្រកទ្វារព្រំដែន អន្តរជាតិ ស្ទឹងបត់-បានណងអៀន ខណៈគម្រោងនេះសម្រេចបាន៩១,២៦% ហើយ ។

គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ ស្ថិតនៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ គម្រោងនេះបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលមានទំហំទឹកប្រាក់ ប្រមាណ២៦,៤២ លានដុល្លារ។

ដោយសារមានបញ្ហាការ រាតត្បាតនៃជំងឺកូវីដ-១៩ គ្រោះទឹកជំនន់ និងបម្រែបម្រួលការងារ មួយចំនួនក្នុងកិច្ចសន្យា នាំឲ្យគម្រោងនេះត្រូវពន្យារពេលសាងសង់ ដោយគិតត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ គម្រោងសម្រេចបាន ៩១,២៦% ហើយ ។

ជាមួយនឹងគម្រោងរៀបចំច្រកទ្វារព្រំដែន អន្តរជាតិសម្រាប់ច្រកដឹក ទំនិញឆ្លងកាត់ព្រំដែន កម្ពុជា-ថៃ រាជរដ្ឋាភិបាល កម្ពុជាក៏បានស្ថាបនា ស្ពានតភ្ជាប់ជាមួយភាគីថៃ ដែលត្រូវបានប្រសិទ្ធនាមថា “ស្ពានមិត្តភាពកម្ពុជា-ថៃ ស្ទឹងបត់-បានណងអៀន” ។ ស្ពាននេះមានប្រវែង ៦២០ម៉ែត្រ (ផ្នែកខាងកម្ពុជា២១៥ម៉ែត្រ + ផ្នែកខាងថៃ ៤០៥ម៉ែត្រ) ទទឹង ១៧ម៉ែត្រ ត្រូវបានបើកការដ្ឋាននៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ និងបញ្ចប់ការសាងសង់នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ក្នុងទំហំទឹកប្រាក់ប្រមាណ ៦៧០លានបាត (ប្រមាណ ១៩លានដុល្លារអាមេរិក)។

ការចុះត្រួតពិនិត្យលើគម្រោង ច្រកទ្វារព្រំដែនអន្តរជាតិនេះ ក្នុងគោលតាមដានវាយតម្លៃ ចំពោះកិច្ចការងារសាងសង់ សំដៅពន្លឿនឲ្យបានរួចរាល់ ក្នុងពេលឆាប់ៗ ដើម្បីជាការរួមចំណែកជួយសម្រួល ដល់ការធ្វើចរាចរណ៍ ការដឹកជញ្ជូនទំនិញ និងការធ្វើពាណិជ្ជកម្មឆ្លង កាត់ព្រំដែនកម្ពុជា-ថៃ ។

សូមបញ្ជាក់ថា គម្រោងរៀបចំច្រកទ្វារព្រំដែន អន្តរជាតិ ស្ទឹងបត់-បានណងអៀន ជាចក្ខុវិស័យវែងឆ្ងាយ ដើម្បីផ្តល់អត្ថប្រយោជន៍ យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ តាមរយៈការធ្វើពាណិជ្ជកម្ម ឆ្លងកាត់ព្រំដែន និងការបង្កើតការងារ ជូនប្រជាពលរដ្ឋ ក៏ដូចជាការសម្រេចឲ្យបានចក្ខុវិស័យរបស់អាស៊ាន ក្នុងការតភ្ជាប់ ប្រទេសនៅក្នុងតំបន់អាស៊ានទាំងមូល (Asean Connectivity) ផងដែរ ៕

To Top