ព័ត៌មានជាតិ

ប្រធានរដ្ឋសភា​ កម្ពុជា-អាស៊ែបៃហ្សាន សន្យាជាមួយគ្នា បន្តបណ្តុះបណ្តាល ធនធានមនុស្ស ពាណិជ្ជកម្ម និងទេសចរណ៍

ភ្នំពេញ ៖ ប្រធានរដ្ឋសភាកម្ពុជា និងឯកអគ្គររដ្ឋទូត នៃសាធារណរដ្ឋអា ស៊ែបៃហ្សាន ដែលទើបតែងតាំងថ្មីប្រចាំកម្ពុជាបានសន្យាជាមួយគ្នាបន្តសហ ការលើការបណ្តុះបណ្តាលធនធានមនុស្ស លើកកម្ពស់ពាណិជ្ជកម្ម និងទេសចរណ៍។

ការសន្យារួមគ្នានេះ ខណៈសម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអនុញ្ញាតឲ្យលោក ស៊ូវគី មេឌីហ្សាដា (Shovgi Mechdizade) ឯកអគ្គរដ្ឋទូតអាស៊ែបៃហ្សាន ទើបតែងតាំងថ្មីប្រចាំកម្ពុជា មាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃ១៥ កញ្ញា ។ ក្នុងជំនួបសម្តេច ឃួន សុដារី បញ្ជាក់ថា រដ្ឋសភាកម្ពុជា ត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការពេញលេញ ជាមួយដើម្បីជួយឲ្យបេសកកម្ម របស់លោកទទួលបានជោគជ័យ ។

ជាមួយគ្នានេះ សម្តេច ឃួន សុដារី សង្ឃឹមថា ក្រោមអាណត្តិការទូត របស់លោក ស៊ូវគី មេឌីហ្សាដា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងអាស៊ែបៃហ្សាន នឹងបន្តរីកលូតលាស់បន្ថែមទៀត ។ សម្តេចរដ្ឋសភាធិបតី បានស្នើរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋសភា អាស៊ែបៃហ្សាន បន្តជួយបណ្តុះបណ្តាលធនធានមនុស្សដល់កម្ពុជា ទំាងខាងនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ពិសេសដើម្បីរដ្ឋសភាកម្ពុជា ធ្វើទំនើបកម្មស្ថាប័ន ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា។

សម្តេច ឃួន សុដារី បានលើកឡើងថា អាស៊ែបៃហ្សាន ជាប្រទេសបានជួយបណ្តុះបណ្តាលធនធានមនុស្សដល់កម្ពុជា ក្នុងសម័យសហភាពសូវៀត ហើយបញ្ញវន្តខ្មែរដែលទទួលបានការបណ្តុះបណ្តាលពីអាស៊ែបៃហ្សាន បានក្លាយជាធនធានមនុស្សដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិបច្ចុប្បន្ននេះ។

ចំណែក លោក ស៊ូវគី មេឌីហ្សាដា បានទទួលយក សំណើ របស់សម្តេច ឃួន សុដារី និងប្តេជ្ញាថា នឹងខិតខំលើកកម្ពស់ទំនាក់ទំនង ប្រទេសទំាងពីរឲ្យ កាន់តែរឹងមាំឡើង ទំាងខាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ ជាថ្មីម្តងទៀត លោកទូតបានសន្យាថា នឹងខិតខំជំរុញលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម ទេសចរណ៍ឲ្យមានការរីកម្រើនឡើង ដើម្បីផលប្រយោជន៍ប្រទេសទំាងពីរ ៕

To Top