ព័ត៌មានជាតិ

កម្ពុជា អំពាវនាវឱ្យអន្តរជាតិ​ ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីបញ្ចប់សង្រ្គាម ដោះស្រាយ ឫសគល់នៃជម្លោះ

ភ្នំពេញ ៖ ដើម្បីសម្រេចបាននូវគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវ ឲ្យសហគមន៍អន្តរជាតិ បង្កើនកិច្ចខិតខំប្រឹងប្រែង ពង្រឹងកិច្ចសហប្រតិបត្តិការ កសាងទំនុកចិត្ត និងភាពជឿជាក់ឡើងវិញ ដើម្បីបញ្ចប់សង្រ្គាម ដោះស្រាយឫសគល់នៃជម្លោះ ។

នេះបើតាមការបញ្ជាក់អះអាង របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាត លើកទី ៧៨ របស់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី២២ កញ្ញា ។

ជាមួយគ្នានោះ សម្ដេចលើកឡើងថា កម្ពុជាស្វាគមន៍គំនិតផ្ដួចផ្ដើម កាតាលីករសកល ស្ដីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ ដែលបានដាក់ចេញដោយ លោក អង់តូនីញ៉ូ ហ្គូទែរ៉េស អគ្គលេខាធិការ អង្គការសហប្រជាជាតិ និងពិតជាមានមោទកភាព ដែលកម្ពុជា ត្រូវបានជ្រើសរើសចូលរួម ក្នុងចំណោមប្រទេស ដែលមានសក្ដានុពលទាំង១០ ដើម្បីសម្រេចបាននូវគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព ៕

To Top