ព័ត៌មានជាតិ

ព្រះសង្ឃ និងពុទ្ធបរិស័ទ៦០០០ អង្គ/នាក់ចូលរួមដង្ហែពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី​ ដើម្បីប្រមូលបច្ច័យចូលរួមកសាងព្រះពុទ្ធប្បដិមា កម្ពស់១០៨ម៉ែត្រនៅលើខ្នងភ្នំបូកគោ

ខេត្តកំពត៖ពិធីបុណ្យផ្កាមហាសាមគ្គីដ៏ធំនេះបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី២៣ ដល់២៤ ខែ កញ្ញា ឆ្នាំ ២០២៣ ដោយមានការផ្តួចផ្តើមពី ព្រះវិមលសរណញាណចាន់វិសាល ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា និងជាឧត្តមប្រឹក្សាផ្ទាល់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះអគ្គមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជានិងជាព្រះចៅអធិការ វត្តពារាណសីសិរីមង្គល សិរីមង្គល ខេត្តព្រៃវែង បានសហការជ្រះថ្លាប្រកបដោយសទ្ធា និងបញ្ញាជាមួយ អ្នកឧកញ៉ាបណ្ឌិត សុខ គង់ ។

ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីនេះត្រូវបានប្រារព្ធធ្វើឡើងក្នុងគោលបំណងប្រមូលបច្ច័យចូលរួម កសាងព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រ នៅលើខ្នងភ្នំបូកគោ។ក្នុងឱកាសនេះដែរ ពុទ្ធបរិស័ទមានសទ្ធាជ្រះថ្លា អាចចូលជាបច្ច័យកសាងព្រះពុទ្ធប្បដិមាអង្គធំ ឬក៏ជាវព្រះពុទ្ធប្បដិមាអង្គតូចសម្រាប់តម្កល់នៅលើជញ្ជាំងផ្នែកខាងក្នុងនៃខឿនក្រោមបល្ល័ង្កព្រះពុទ្ធប្បដិមាអង្គធំ កម្ពស់ ១០៨ ម៉ែត្រ ការជាវព្រះប្បដិមាអង្គតូចៗ។

ទៀតសោត នឹងមានចារឹកឈ្មោះពុទ្ធបរិស័ទផ្ទាល់ ឈ្មោះអ្នកមានគុណ លោកយាយលោកតា បងប្អូនកូន ក្មួយ គ្រួអាចារ្យ ឬអ្នកមានគុណ ដើម្បីជូនបុណ្យកុសល ឧទ្ទិសផលបុណ្យជូន និងដើម្បីទុកជាកេរ្តិ៍ដំណែលជាប្រវត្តិសាស្រ្តយូរអង្វែងតរៀងទៅ។ ព្រះពុទ្ធប្បដិមាអង្គតូចៗ សម្រាប់តម្កល់នៅលើជញ្ជាំងផ្នែកខាងក្នុងនៃខឿនក្រោមបល្ល័ង្កព្រះពុទ្ធប្បដិមាអង្គធំ កម្ពស់ ១០៨ ម៉ែត្រមានទំហំ កម្ពស់០.៣១ម៉ែត្រ, បណ្តោយ ០.២៥ម៉ែត្រ និង ទទឹង ០.១៦៥ម៉ែត្រ មាន៤ថ្នាក់៩ជាន់ ។

អ្នកឧកញ៉ាបណ្ឌិត សុខ គង់ មានចក្ខុវិស័យ និងសទ្ធាជ្រះថ្លាយ៉ាងមុតមាំក្នុងការកសាងព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រជាព្រះពុទ្ធប្បដិមាដ៏ធំហើយខ្ពស់ជាងគេនៅព្រះរាជាណាចក្រកម្ពុជា និងស្ថិតក្នុងចំណោមព្រះពុទ្ធប្បដិមាខ្ពស់ៗនៅលើពិភពលោក ហើយគម្រោងសាងសង់ព្រះពុទ្ធប្បដិមា ជាការរក្សានូវអត្តសញ្ញាណជាតិនៃវប្បធម៍សាសនា ដោយឈរលើមូលដ្ឋារក្សាចាស់ បង្កើតថ្មី នាសម័យតេជោសន្តិភាព និងការអភិវឌ្ឍ ។ ព្រះពុទ្ធប្បដិមាអង្គនេះ នឹងគង់នៅជាសម្បត្តិវប្បធម៍ជាតិ តជំនាន់សម្រាប់ជាទីសក្ការ:ដ៏ឧត្តុងឧត្តមរបស់ពុទ្ធសាសនិកជនទាំងអស់គ្នា និងទុកជាស្នាដៃនៃកេរ្តិ៍មរកតដល់កូនចៅជំនាន់ក្រោយ ៕

To Top