ព័ត៌មានជាតិ

ប្រជាពលរដ្ឋ ក្នុងឃុំពោធិ៍រំចាក ខេត្តតាកែវ ៨០០នាក់ ទៅទស្សនា ខេត្តព្រះសីហនុ ប្រកបដោយក្តីរំភើប

ភ្នំពេញ៖ ប្រជាពលរដ្ឋចំនួន ៨០០ នាក់មកពី ឃុំពោធិ៍រំចាក ស្រុកព្រៃក្បាល ខេត្តតាកែវ នៅថ្ងៃទី២៣ ខែកញ្ញានេះ បានទៅទស្សនាខេត្តព្រះសីហនុដែលជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលរបស់ព្រះរាជាណាចក្រកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចមួយថ្ងៃនេះ ប្រជាពលរដ្ឋទាំង៨០០ នាក់មកពីឃុំពោធិ៍រំចាក ដែលភាគច្រើន ជាមនុស្សមានវ័យចំណាស់ បានទៅទស្សនាកន្លែងសំខាន់ៗ ដូចជារូបសំណាក់ព្រះថោងនិងនាងនាគ ខ្មែរធ្វើបាន និងការទស្សនាឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជា រួមទាំងការទទួលទានអាហារសមុទ្រ ដ៏ឆ្ងាញ់ផងដែរ។

ជំទប់ទី១នៃឃុំពោធិ៍រំចាក លោក ប្រាក់ សម្បត្តិ បានឲ្យដឹងថា ប្រជាពលរដ្ឋទាំងអស់ សប្បាយចិត្ត ដោយបានឃើញ ការអភិវឌ្ឍន៍ដ៏មានសក្តានុពល របស់ខេត្តព្រះសីហនុ និងបានឃើញសមិទ្ធផលជាច្រើន ដូចជារូបសំណាក់នាងនាគ កន្លែងថតរូបខ្មែរធ្វើបាន និងការអភិវឌ្ឍក្នុងខេត្តដ៏សម្បើម រួមទាំងឆ្នេរសមុទ្រដ៏ស្អាតរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរដែលពលរដ្ឋពុំទាន់ធ្លាប់បានទៅទស្សនាខេត្តទេសចរណ៍មួយនេះទេ។

ក្នុងដំណើរកំសាន្តរបស់ពលរដ្ឋ មកពីឃុំពោធិ៍រំចាក ខេត្តតាកែវ អាជ្ញាធរខេត្តព្រះសីហនុ បានសម្របសម្រួល យ៉ាងយកចិត្តទុកដាក់។ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋនៅឃុំពោធិ៍រំចាក តាមរយ:ជំទប់ទី១ បានថ្លែងអំណរគុណ ទៅដល់លោក ហេង សួរ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ឃុំពោធិ៍រំចាក ដែលបានឧបត្ថម្ភ សម្រាប់ដំណើរកំសាន្តដែលបានធ្វើឲ្យពលរដ្ឋ ក្នុងឃុំបានស្គាល់ទឹកដីខេត្តព្រះសីហនុ៕

អត្ថបទនិងរូបភាព៖ ក្រសួងការងារ

To Top