ព័ត៌មានជាតិ

កម្ពុជា ចុះកិច្ចព្រមព្រៀងទទួលហិរញ្ញប្បទាន ៤៣លានដុល្លារ ពីធនាគារ AIIB

ភ្នំពេញ ៖ លោក ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន សហប្រតិបត្តិការ មានទឹកប្រាក់សរុបចំនួន៤៣លានដុល្លារ។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសេដ្ឋកិច្ច នាពេលថ្មីៗនេះ បានឲ្យដឹងថា ឆ្លៀតក្នុងឱកាសចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៨ នៃក្រុមប្រឹក្សាទេសាភិបាល ធនាគារ AIIB ឆ្នាំ២០២៣ នៅទីក្រុង Sharm el-Sheikh នៃប្រទេសអេហ្ស៊ីប ក្រោមប្រធានបទ «កំណើនប្រកបដោយចីរភាពនៅក្នុង បរិការណ៍សេដ្ឋកិច្ចសាកលដ៏លំបាកមួយ» លោក ប៉ែន ធីរុង្គ និងតំណាងធនាគារ AIIB ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន សហប្រតិបត្តិការ សម្រាប់គម្រោងសុខភាពសត្វឆ្លងកាត់ព្រំដែន និងការជំរុញហេដ្ឋារចនាសម្ព័ន្ធខ្សែច្រវាក់តម្លៃសត្វ (Cross-border Livestock Health and Value Chain Infrastructure Improvement Project) មានទឹកប្រាក់សរុបចំនួន ៤៣លានដុល្លារ ក្នុងនោះ ហិរញ្ញប្បទានសម្បទានពី AIIB ចំនួន៣៣លានដុល្លារ និងហិរញ្ញប្បទានឥតសំណងពីមូលនិធិបង្ការ, ការត្រៀមខ្លួន និងការឆ្លើយតបជំងឺរាតត្បាត (Pandemic Prevention, Preparedness and Response Facility Trust Fund) ចំនួន១០លានដុល្លារ។

សូមបញ្ជាក់ថា គម្រោងនេះ ជាគម្រោងសហហិរញ្ញប្បទាន រវាងធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank – ADB) និង AIIB មានទឹកប្រាក់សរុប ១២៨.៧៨ លានដុល្លារ ក្នុងនោះហិរញ្ញប្បទានសហប្រតិបត្តិការរបស់ ADB ចំនួន ៦២.៩លានដុល្លារ និងថវិកាបដិភាគរាជរដ្ឋាភិបាលចំនួន ២២.៨៨ លានដុល្លារ៕

To Top