ព័ត៌មានជាតិ

៣៩ខែ រដ្ឋបញ្ចេញថវិកា ជាង១២០០លានដុល្លារ ជួយដល់ពលរដ្ឋក្រីក្រ

ភ្នំពេញ៖ ឆ្លើយតបនឹងសំណួរ ជុំវិញជីវភាពរស់នៅ របស់ពលរដ្ឋ មានជីវភាពលំបាកយ៉ាងណានោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ថា តាមរយៈកម្មវិធីឧបត្ថម្ភគ្រួសារក្រីក្រ និងងាយរងគ្រោះ រយៈពេល ៣៩ ខែ រដ្ឋបានចំណាយថវិកា សរុបចំនួន៤,៨០៥,៨០១,៦៩៩,០០០រៀល (ឬ ១,១៧២,១៤៦,៧៥៦ ដុល្លា ពោលគឺជាង១២០០លានដុល្លារ) ។

យោងតាមការលើកឡើង នៅលើគេហទំព័រហ្វេសប៊ុកផ្លូវការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី១៩ កញ្ញានេះ បានបញ្ជាក់ថា “មានបងប្អូនប្រជាពលរដ្ឋមួយចំនួន បានចោទសួរថា តើ រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកយ៉ាងណាទេ?”

ជាការឆ្លើយតបនឹងសំនួរនេះ សម្តេចធិបតី បានបង្ហាញជាឧទាហរណ៍ នៃរបាយការណ៍ប្រចាំថ្ងៃ ដែលរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្ញើជូនសម្តេច សម្រាប់ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៣។

សម្តេចធិបតី បានបង្ហាញថា នៅក្នុងរបាយការណ៍នេះបានបង្ហាញអំពីទិន្នន័យសាច់ប្រាក់ ដែលរាជរដ្ឋាភិបាល បានបញ្ចេញដើម្បីជួយទៅដល់ ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ, ស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ ឆ្នាំ និងជូនគ្រួសារងាយរងហានិភ័យ ដោយសម្ពាធអតិផរណា តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ចំនួន៣ ÷

១. ឧបត្ថម្ភគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលកូវីដ ១៩ ដែលកម្មវិធីនេះចាប់ផ្ដើម ដាក់ឱ្យអនុវត្តចាប់ពី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ និងបានដំណើរបានអស់រយៈពេល ៣៩ ខែ ។

ប្រជាពលរដ្ឋដែលទទួលបានផល ពីកម្មវិធីនេះមានចំនួនសរុប ៤៣៧,៧៣១ គ្រួសារ (ស្មើនឹងប្រជាជនជាង ២លាន៧សែននាក់) ដែលរដ្ឋបានចំណាយថវិកាសរុប ចំនួន ៤,៨០៥,៨០១,៦៩៩,០០០រៀល (ឬ ១,១៧២,១៤៦,៧៥៦ ដុល្លា ពោលគឺជិត ១ពាន់២០០លានដុល្លារ) ។

២. ឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ឆ្នាំ ដែលត្រូវបានដាក់ឲ្យអនុវត្តចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩។ មកទល់ពេលនេះមានស្ត្រីនិងកុមារ ដែលទទួលផលពីកម្មវិធីនេះ ចំនួន ៣៣៩,៩៧៧នាក់ ចំណែកថវិកាសរុប ១១០,៤០១,២០០,០០០ រៀល (ឬ ២៦,៩២៧,១១២ ដុល្លារ ឬ ជិត ២៧ លានដុល្លារ)

៣. ឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណា ដែលត្រូវបានដាក់ឱ្យ
អនុវត្តចាប់ពី ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ ។ ប្រជាពលរដ្ឋដែលបានទទួលផលពីកម្មវិធីនេះមានចំនួន ៤៩៥,១១៩គ្រួសារ (ស្មើនឹងប្រជាជនជាង ១លាន៨សែននាក់) ហើយរាជរដ្ឋាភិបាល បានចំណាយថវិកាសរុប ចំនួន ១៧៣,៩០០,០២១,២០០រៀល (ឬ ៤២,៤១៤,៦៣៩ ដុល្លារ) ។

ក្នុងនោះ សម្តេចបញ្ជាក់ថា “ដូច្នេះគិតត្រឹមថ្ងៃទី ២៨ ខែកញ្ញា ២០២៣ កម្មវិធីទាំងបីផ្ដល់អត្ថប្រយោជន៍ ចំពោះគ្រួសារប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ចំនួនជាង ២លាន៧សែននាក់ (ឬ ៤៣៧,៧៣១ គ្រួសារ), ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ចំនួន ៣៣៩,៩៧៧នាក់ និង គ្រួសារងាយរងហានិភ័យ ដោយសម្ពាធអតិផរណា ចំនួនជាង ១លាន៨សែននាក់ (ឬ ៤៩៥,១១៩គ្រួសារ) ដែលបានចំណាយទឹកប្រាក់សរុប ចំនួន ៥,០៩០,១០២,៩០២,២០០រៀល (ឬ ១,២៤១,៤៨៨,៥១៧ដុល្លា ឬជាង ១ពាន់ ២រយលានដុល្លារ)” ។

សម្តេចនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់បន្ថែមថា “ខាងលើនេះ គឺគិតចំពោះកម្មវិធីឧបត្ថម្ភសាច់ប្រាក់ តែចំនួនបីប៉ុណ្ណោះ។ ក្រៅពីកម្មវិធីទាំងបីនេះ រាជរដ្ឋាភិបាលក៏មានគោលនយោបាយ ផ្សេងទៀតជាច្រើន សម្រាប់ជួយដល់ប្រជាពលរដ្ឋខ្មែរ គ្រប់ស្រទាប់វណ្ណៈ ក្នុងគ្រប់វិស័យ នៅទូទាំងប្រទេស”។

សម្តេចធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា “កម្ពុជាមិនមែនជាប្រទេសមានខ្លាំង ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា មិនមែនខ្វះទឹកចិត្តក្នុងការជួយ ដល់ប្រជាពលរដ្ឋខ្លួនឯងនោះទេ”៕

To Top