ព័ត៌មានជាតិ

គណៈកម្មាធិការជាតិ​ សុវត្ថិភាពចរាចរណ៍ ផ្លូវគោក អំពាវនាវពលរដ្ឋ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាស ពិធីបុណ្យកាន់បិណ្ឌនិង ភ្ជុំបិណ្ឌ

រូបភាពGoogle

ភ្នំពេញ ៖ គណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក បានអំពាវនាវប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាស ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនៅថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១៥ ខែតុលាឆ្នាំ២០២៣ ។

យោងតាមសេចក្តីអំពាវនាវ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងនូវការកោតសរសើរ ប្រកបដោយក្តី មោទនភាពជាទីបំផុត ចំពោះអ្នកប្រើប្រាស់ផ្លូ វដ៏ច្រើនលើសលប់ដែលមានឆន្ទៈក្នុងការចូលរួមគោរព និងអនុវត្ត ច្បាប់ស្តីពីចរាចរណ៍ ផ្លូវគោកយ៉ាងផុសផុលក្នុងពេលធ្វើចរាចរណ៍ រួមចំណែកក្នុងការកាត់បន្ថយការបាត់បង់ជីវិត រងរបួសនិងការខូចខាតទ្រព្យសម្បត្តិដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នាពេលកន្លងទៅ ។

ប្រភពបានលើកឡើងថា ទោះជាយ៉ាងនេះក្តី គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបាន និង កំពុងគំរាមកំហែងដល់អ្នកប្រើប្រាស់ផ្លូវ បង្កឱ្យមានសោកនាដកម្ម បាត់បង់ជីវិត រងរបួស និង ខូចខាតទ្រព្យសម្បត្តិ ជារៀងរាល់ថ្ងៃ ហើយតែងតែមាន កំណើនខ្ពស់ ក្នុងពេលមានពីធីបុណ្យ នានាដែលមានកំណើន ចរាចរណ៍មមាញឹក ដោយការបើកបរ មិនគោរព ច្បាប់ ការធ្វេសប្រហែស ឬខ្វះការយោគយល់អធ្យាស្រ័យ ។ ក្នុងន័យនេះ នាឱកាសប្រារព្ធពិធីបុណ្យ កាន់បិណ្ឌ ភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវបានអំពាវនាវ ដល់សាធារណជន ជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមមេត្តាខិតខំយកចិត្តទុកដាក់បង្កើន ស្មារតីចូល រួមបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បើកបរយានយន្តតាមវិធានការ ដូចខាងក្រោម៖ ១-ត្រូវបន្ថយល្បឿនបើកបរតាមច្បាប់កំណត់ និងតាមស្ថានភាពជាក់ស្ដែង ដូចជា ទីប្រជុំជន សាលារៀន ផ្លូវគ្រលុក ផ្លូវកោង ផ្លូវប្រសព្វ ផ្លូវចំណោត ផ្លូវចង្អៀត ឬផ្លូវរអិល។ល។ មូលហេតុចម្បង ដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាច រណ៍គឺការបើកបរ លឿនហួសល្បឿនកំណត់។ ២-ត្រូវគោរពសិទ្ធិអាទិភាព នៅត្រង់ផ្លូវប្រសព្វ ដោយត្រូវបើកបរបន្ថយល្បឿន និងត្រូវទុកសិទ្ធិឱ្យ អ្នកបើកបរលើផ្លូវដែលមានសិទ្ធិ បានធ្វើចរាចរណ៍ទៅមុន។ ៣-មុននឹងវ៉ាជែង ត្រូវដឹងច្បាស់ថាផ្លូវខាងមុខទំនេរ អាចជែងបានដោយ សុវត្ថិភាព ចៀសវាង ការវ៉ាជែង ដោយប្រថុយប្រថាន ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ ចរាចរណ៍ជាយថាហេតុ ។ ៤-ចំពោះរថយន្តដឹកអ្នកដំណើរ ឬរថយន្តដឹកទំនិញ សូមកុំផ្ទុកមនុស្ស ឬទំនិញលើស ច្បាប់កំណត់ ជាពិសេសរថយន្តដឹក អ្នកដំណើរ មិនត្រូវផ្ទុកមនុស្សនៅលើដំបូល និងមិនត្រូវដំឡើងថ្លៃធ្វើដំណើរក្នុងឱកាសនេះ។ ៥-ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះរបស់ខ្លួន មុនពេលធ្វើចរាចរណ៍។ ៦អ្នកបើកបររថយន្តនិងអ្នករួមដំណើរសូមពាក់ខ្សែក្រវាត់សុវត្ថិភាពឱ្យបានត្រឹមត្រូវជាប់ជាប្រចាំ ។ ៧-អ្នកបើកបរម៉ូតូ និងអ្នករួមដំណើរទាំងអស់ ត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវគ្រប់ៗគ្នា ទោះធ្វើ ដំណើរជិត ឬឆ្ងាយ និងគ្រប់ពេលវេលា ។ ត្រូវចងចាំជានិច្ចថា ” មួកសុវត្ថិភាពមួយ អាចជួយការពារនូវ ការរងរបួសក្បាល ឬអាចការពារជីវិតបាន “។ ៨-មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន និងសូមចង ចាំជានិច្ចនូវ ពាក្យស្លោក “បើពិសាគ្រឿងស្រវឹង កុំបើកបរ”។ស្ថានភាពស្រវឹងនឹងបង្កឱ្យអ្នកបើ កបរបាត់ការចងចាំ វង្វេងស្មារតី មិនអាចបញ្ជា យានបានដោយសុវត្ថិភាព ងាយប្រឈមនឹងការបង្កគ្រោះថ្នាក់ចរាចរណ៍។ ៩-នៅពេលបើកបរ ត្រូវប្រកាន់ខ្ជាប់នូវសុជីវធម៌ សីលធម៌ និងការអធ្យាស្រ័យគ្នាទៅវិញទៅមក ដើម្បីបញ្ចៀសគ្រោះថ្នាក់ ឬការកកស្ទះចរាចរណ៍ ។

ជាមួយគ្នានោះដែរគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមសម្តែងនូវសេចក្តីសង្ឃឹម និងជឿទុកចិត្ត លើស្មារតីប្រុងប្រយ័ត្នរបស់សាធារណជន ក្នុងការអនុវត្តសេចក្តីអំពាវនាវនេះ ដើម្បីនាំមកនូវសុវត្ថិភាព និងសេចក្តីសុខ សប្បាយរីករាយ ជាមួយក្រុមគ្រួសារ ក្នុងឱកាសប្រារព្ធពិធីបុណ្យ កាន់បិណ្ឌភ្ជុំបិណ្ឌប្រពៃណីជាតិ កុំឱ្យថ្ងៃសប្បាយក្លាយ ជាថ្ងៃកើតទុក្ខ ៕

To Top