ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ ត្រូវសហការជាមួយអាជ្ញាធរ និងចាកចេញពីទីកន្លែងជន់លិច ទៅរកកន្លែងទីទួលសុវត្ថិភាព។

តាមរយៈសារតេឡេក្រាម នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ, កងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បានសហការគ្នាយ៉ាងសស្រាក់សស្រាំ ក្នុងការអន្តរាគមន៍សង្គ្រោះ និងនាំប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ព្រមទាំងបានជួយដោះស្រាយការលំបាកចំពោះមុខផ្សេងៗ ក្នុងស្ថានភាពគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនេះ។

សម្ដេចធិបតី បញ្ជាក់ថា «សូមបងប្អូន អ៊ំពូមីង លោកយាយ លោកតា មេត្តាចូលរួមសហការ និងចាកចេញពីទីកន្លែងជន់លិច ទៅកាន់ទីទួលសុវត្ថិភាព ហើយក៏សូមមើលថែទាំសមាជិកគ្រួសារ ជាពិសេសកូនចៅតូចៗ ឱ្យនៅឆ្ងាយពីទឹក ឬទីកន្លែងហានិភ័យនានា»។

សូមរំលឹកថា ខេត្តពោធិ៍សាត់ និងខេត្តមួយចំនួនទៀត នៃប្រទេសកម្ពុជា បាននឹងកំពុងទទួលរងគ្រោះ ពីជំនន់ទឹកភ្លៀង បណ្ដាលឱ្យលិចលង់ តំបន់មួយចំនួនក្នុងខេត្ត បានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធ លំនៅដ្ឋាន និងផ្ទះសម្បែងប្រជាពលរដ្ឋមួយចំនួន ផងដែរ៕

Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
