ព័ត៌មានជាតិ

សមាជិកគ្រួសាររាជវង្ស Ajman នៃប្រទេសអារ៉ាប់រួម យាងទត ផលិតផលកែច្នៃ ព្រមទាំងសោយដំណាប់ស្វាយខ្មែរ

ឌូបៃ៖ ក្នុងឱកាសយាងគង់ជាព្រះរាជអធិបតី ក្នុងខួបលើកទី៧៤ នៃបុណ្យឯករាជ្យចិន ១ តុលា ២០២៣ នារាត្រីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ (ម៉ោងនៅឌូបៃ) ព្រះអង្គម្ចាស់ Sheikh rash is Al nuami សមាជិកគ្រួសាររាជវង្ស Ajman នៃប្រទេសអារ៉ាប់រួម បានយាងទត នូវការតាំងដាក់បង្ហាញ ផលិតផលកែច្នៃរបស់ខ្មែរ ព្រមទាំងបានសោយដំណាប់ស្វាយខ្មែរ ដែលបាននាំចូលដោយក្រុមហ៊ុន OneRoad Group ។

ការយាងទតនិងសោយដំណាប់ស្វាយខ្មែរនេះ តបតាមការយាង ដោយមិនបានព្រៀងទុក ពីសំណាក់របស់លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន។

លោក សយ សុភាព ក្នុងនាមជាអ្នកកាសែត ដែលធ្លាប់មានពិសោធន៍សួរថ្នាក់ដឹកនាំ ដោយមិនរួញរា បានរត់ទៅឈររង់ចាំមុខវេទិការ ដើម្បីយាងព្រះអង្គម្ចាស់ Sheikh rash is Al nuami យាងទត ផលិតផលកែច្នៃរបស់ខ្មែរ ដែលទើបដាក់តាំងបង្ហាញជាលើកដំបូង នៅក្នុងទីក្រុងឌូបៃ នៃប្រទេសអារ៉ាប់រួម។

ដោយមិនរួញរា លោក សយ សុភាព ក៏បានសុំយាងព្រះអង្គទតស្ដង់ទំនិញ របស់កម្ពុជា ដែលបានតាំងនៅខាងឆ្វេងវេទិការ ប្រារព្ធពិធី ដោយក្នុងនោះលោក សយ សុភាព បានទូលព្រះអង្គម្ចាស់ Sheikh rash is Al nuami ពីក្រុមហ៊ុន Oneroad Group ដែលបាននាំយកផលិតផល៥០មុខ មកចូលទីផ្សារប្រទេសអារ៉ាប់រួម ជាលើកដំបូង។

បន្ថែមលើសពីនោះ លោក សយ សុភាព ក៏បានថ្វាយផលិតផលគ្រឿងក្រអូប ទៅព្រះអង្គម្ចាស់ Sheikh rash is Al nuami មួយឈុត ដើម្បីទុកជាអនុស្សាវរីយ៍ផងដែរ។

លោក សយ សុភាព បានបង្ហាញនូវទស្សនៈថា កាលណាព្រះអង្គម្ចាស់ Sheikh rash is Al nuami យាងទតផលិផលខ្មែរ ប្រាកដណាស់មន្ត្រី ដែលហែរព្រះអង្គ នឹងមកតាមអម ដូច្នេះមន្ត្រីទាំងនោះ នឹងបានឃើញផលិតផលខ្មែរ ។

លោកបន្ថែមថា បើទោះបីលោក មិនមែនជាមន្ត្រីដែលមានភារកិច្ចក៏ដោយ ត្រឹមតែអ្នកកាសែតម្នាក់ ក៏លោកត្រូវតែហ៊ាន មិនទុកឱកាសឱ្យរំលងទេ ត្រូវតែធ្វើអ្វីមួយ ដែលអាចធ្វើបាន ដើម្បីជាប្រយោជន៍ជាតិខ្មែរ ។

នាឱកាសដ៏មានតម្លៃនេះ លោក សយ សុភាព ក៏បានសុំយាងព្រះអង្គម្ចាស់ Sheikh rash is Al nuami ឱ្យទៅទតប្រទេសកម្ពុជា នាពេលណាមួយ តាមព្រះទ័យរបស់ព្រះអង្គ ហើយសុំប្រទេសអារ៉ាប់រួម គាំទ្រ ផលិតផលរបស់កម្ពុជា និងជួយសម្របសម្រួលបន្ថែម ខណៈប្រទេសទាំងពីរ (កម្ពុជា-អារ៉ាប់រួម) ក៏បានមានទំនាក់ទំនងការទូតរួចហើយដែរ គ្រាន់តែមិនទាន់ស្អិតរមួត៕

To Top