ព័ត៌មានជាតិ

ភ្ជុំបិណ្ឌ៣ថ្ងៃ កម្មករឈប់សម្រាក ដោយមានប្រាក់ឈ្នួល

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ខែតុលា ឆ្នាំ២០២៣ កម្មករនិយោជិតទាំងអស់ ឈប់សម្រាកដោយមានប្រាក់ឈ្នួល។

តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ ថ្មីនេះៗ បានបញ្ជាក់ថា «សូមលោក-លោកស្រី ជាម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានអនុញ្ញាត ឲ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ខាងមុខនេះ ក្នុងរយៈពេល ៣ថ្ងៃ គឺថ្ងៃទី១៣-១៤-១៥ ខែតុលា ឆ្នាំ២០២៣»។

ក្រសួងបន្ដថា ចំពោះសហគ្រាស គ្រឹះស្ថានទាំងឡាយណា ដែលកម្មវត្ថុអាជីវកម្ម មានចរិតលក្ខណៈសកល ត្រូវប្រព្រឹត្តទៅជាប្រចាំ និងមិនអាចបញ្ឈប់ សកម្មភាពបាន ហើយការឈប់សម្រាកបុណ្យ នៃកម្មករនិយោជិតទាំងអស់ ព្រមគ្នាក្នុងពេលតែមួយនាំ ឲ្យខូចប្រយោជន៍ដល់សាធារណជន ឬក៏ធ្វើឲ្យខូចដំណើរ ការរបស់សហគ្រាស គ្រឹះស្ថាន នោះម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ត្រូវរៀបចំបែងចែកឲ្យកម្មករ និយោជិតបានឈប់ សម្រាកទៅតាមថ្ងៃបុណ្យនីមួយៗ ដោយផ្លាស់វេនគ្នា។

ក្រសួងបន្ថែមថា កម្មករនិយោជិត ដែលធ្វើការថ្ងៃឈប់បុណ្យភ្ជុំបិណ្ឌនេះ មានសិទ្ធិទទួលនូវប្រាក់បំណាច់បន្ថែម ដែលមានចំនួនស្មើនឹង ប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា ។ ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ត្រូវរៀបចំបញ្ជីឈ្មោះ កម្មករ និយោជិតដែលត្រូវផ្លាស់ប្តូរគ្នា ឈប់សម្រាក តាមកាលបរិច្ឆេទនីមួយៗខាងលើ និងរក្សាទុកជាប្រចាំសម្រាប់ការត្រួត ពិនិត្យរបស់អធិការការងារ។

ក្រសួងបានឲ្យដឹងថា ក្នុងករណីមានការព្រមព្រៀងគ្នា រវាងកម្មករនិយោជិតសាមី និងនិយោជក ឬមានចែងក្នុងបទបញ្ជាផ្ទៃក្នុង របស់សហគ្រាស គ្រឹះស្ថាន ឬអនុសញ្ញារួម ការឈប់សម្រាករបស់កម្មករនិយោជិត អាចអនុវត្តនៅពេលណាមួយផ្សេងទៀត ដែលខុសពីថ្ងៃឈប់ សម្រាកបុណ្យ៕

To Top