ព័ត៌មានជាតិ

លោក សយ សុភាព ៖ វិធានការលោក ស សុខា ឲ្យពង្រឹងឆ្លងកាត់ព្រំដែន ជាអ្វីដែលសាធារណៈជនចង់បាន

ភ្នំពេញ ៖ តាមសំណេរចំហររបស់លោក សយ សុភាព ជាអគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល និងជាអ្នកចូលចិត្តតាមដានបញ្ហាសង្គម បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកនាព្រឹកថ្ងៃ៤ តុលា នេះ ដោយកោតសរសើរលោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃដែលបានចេញវិធានការឲ្យអាជ្ញាធរមានសមត្ថកិច្ច នៅតាមព្រំដែនពង្រឹងការគ្រប់គ្រង និងត្រួតពិនិត្យការចេញ-ចូលឆ្លងកាត់ព្រំដែន ។

សំណេរចំហររបស់លោក សយ សុភាព មានខ្លឹមសារថា “ខ្ញុំសូមគោរពថ្លែងអំណរគុណ និងកោតសរសើរក្រសួងមហាផ្ទៃដឹកនាំដោយលោក ស សុខាដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការដោះស្រាយបញ្ហាប្រឈម ទទួលយកមតិរបស់មហាជនគ្រប់ស្រទាប់វណ្ណៈ មកពិចារណា ហើយឈានទៅដល់ចេញវិធានការដោះស្រាយភ្លាមៗ” ។

លោកបន្តថា “នេះគឺជាអ្វីដែលសាធារណៈជនប្រាថ្នាចង់បាន។ យើងខ្ញុំជាប្រជារាស្ត្រ និងបន្តកិច្ចសហការតទៅទៀត ដើម្បីសង្គមជាតិរបស់យើងប្រកបដោយសេចក្តីថ្លៃថ្នូរ” ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានចេញលិខិតមួយច្បាប់ផ្ញើជូនគ្រប់អភិបាលរាជធានី-ខេត្តនៅជាប់ព្រំដែនពង្រឹងការគ្រប់គ្រង និងត្រួតពិនិត្យការចេញ-ចូលឆ្លងកាត់ព្រំដែន ។ ក្នុងនោះអាជ្ញាធរខេត្តជាប់ព្រំដែន ត្រូវបិទច្រករបៀងខុសច្បាប់ទាំងអស់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ព្រមទាំងចាត់វិធានការផ្លូវច្បាប់បានម៉ឺងម៉ាត់ចំពោះមេខ្យល់ និងអ្នកសមគំនិត អូសទាញប្រជាពលរដ្ឋឲ្យឆ្លងដែនខុសច្បាប់។ ជាមួយគ្នានេះដែរ ត្រូវចាត់វិធានការដើម្បីពង្រឹងការគ្រប់គ្រងនិងការត្រួតពិនិត្យអ្នកដំណើរ ទំនិញ និងមធ្យោបាយ ចេញចូលឆ្លងកាត់ព្រំដែន សំដៅបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសត្រូវពង្រឹងការទទួលខុសត្រូវលើសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ នៅតាមបណ្តាច្រកទ្វារព្រំដែនដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕

To Top