ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ស ថេត ៖ មន្រ្តីនគរបាលរូបណា ប្រព្រឹត្តខុសឆ្គង ត្រូវអនុវត្តវិធានការច្បាប់ ដោយគ្មានការលើកលែង

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានថ្លែងព្រមានថា បើសិនមានមន្ដ្រីនគរបាលណាដែលប្រព្រឹត្តខុសឆ្គង ត្រូវអនុវត្តវិន័យឲ្យបានម៉ឺងម៉ាត់ ហើយក្នុងករណីធ្ងន់ធ្ងរ ត្រូវអនុវត្តវិធានការច្បាប់ដោយគ្មានការយោគយល់ និងលើកលែង។

ក្នុងកិច្ចប្រជុំពង្រឹងការងារជំនាញរបស់នាយកដ្ឋានអង្គភាព ចំណុះនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ នៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី៥ តុលា នាយឧត្តមសេនីយ៍ ស ថេត បញ្ជាក់ថា ត្រូវពង្រឹងការងារគ្រប់គ្រងដឹកនាំមន្ត្រី ពង្រឹងរបៀបរបបបំពេញការងារ ដោយត្រូវបែងចែកប្រគល់ភារកិច្ច និងការទទួលខុសត្រូវ និងមានរបបប្រជុំត្រួតពិនិត្យឲ្យបានទៀតទាត់ ដើម្បីតម្រង់ទិសសំដៅប្រសិទ្ធភាពការងារ។

នាយឧត្តមសេនីយ៍ ស ថេត លើកឡើងទៀតថា «ត្រូវពង្រឹងវិន័យ ក្រមសីលធម៌វិជ្ជាជីវៈ ជាពិសេសចំពោះមន្ត្រី ដែលមានស្នាដៃត្រូវមានការកោតសរសើរ លើកទឹកចិត្ត និងជូនរង្វាន់ ផ្ទុយទៅវិញចំពោះមន្រ្តីដែលប្រព្រឹត្តខុសឆ្គង ត្រូវអនុវត្តវិន័យឲ្យបានម៉ឺងម៉ាត់ ក្នុងករណីធ្ងន់ធ្ងរត្រូវអនុវត្តវិធានការច្បាប់ដោយគ្មានការយោគយល់ និងលើកលែង»។

នាយឧត្តមសេនីយ៍ ស ថេត បន្ដថា ត្រូវលើកកម្ពស់សមត្ថភាពជំនាញ ឲ្យស្របទៅតាមតួនាទីភារកិច្ចរបស់អង្គភាពនីមួយៗ និងបន្តគាំទ្រដល់មន្ត្រីជំនាញ នៅតាមស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត។ ព្រមទាំងពិនិត្យធ្វើបច្ចុប្បន្នភាពមន្រ្តី រួមទាំងមធ្យោបាយ ឧបករណ៍ សម្ភារបច្ចេកទេស សម្រាប់បម្រើឲ្យការងារជំនាញនៅតាមអង្គភាព និងរៀបចំស្នើសុំការបំពាក់ឲ្យស្របតាមបច្ចេកវិទ្យាទំនើប។

លើសពីនេះ នាយឧត្តមសេនីយ៍ ស ថេត ថា ត្រូវបង្កើនកិច្ចសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាក្នុងការកាត់បន្ថយបទល្មើសគ្រប់ប្រភេទ សំដៅធានារក្សាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម៕

To Top