ព័ត៌មានជាតិ

៨ខែ ឆ្នាំ២០២៣កម្ពុជា បង្កើតការងារជិត៦ម៉ឺនកន្លែង

ភ្នំពេញ៖ យោងតាមរបាយការណ៍បង្ហាញថារយៈពេល៨ខែឆ្នាំ២០២៣នេះ មានសហគ្រាស គ្រឹះស្ថានបើកដំណើរការថ្មីចំនួន១​ ១៨៨ទីតាំង នៅក្នុងប្រទេសកម្ពុជា ដោយផ្តល់ការងារដល់ប្រជាពលរដ្ឋបានចំនួនជិត៦ម៉ឺនកន្លែង(៥៩,៦៣១)។ ក្នុងនោះ សហគ្រាសគ្រឹះស្ថានវិស័យកាត់ដេរបើកថ្មីមានចំនួន៧៩ ផ្តល់ការងារថ្មីបានជិត៣ម៉ឺន៣ពាន់នាក់(៣២,៥៥១នាក់) រីឯសហគ្រាសគ្រឹះស្ថានក្រៅវិស័យកាត់ដេរបើកថ្មីមានចំនួន១​ ១០៩ទីតាំង ផ្តល់ការងារថ្មីបានជាង២ម៉ឺន៧ពាន់កន្លែង (២៧,០៨០)។

វត្តមាននៃសហគ្រាសគ្រឹះស្ថានថ្មីនេះ អាចបង្ហាញថាអ្នកវិនិយោគមានទំនុកចិត្តចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការមើលឃើញនូវសក្តានុពលផ្នែកធុរកិច្ច ពាណិជ្ជកម្ម នៅក្នុងប្រទេសកម្ពុជាផងដែរ។

សូមបញ្ជាក់ថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងប្រទេសកម្ពុជា មានរោងចក្រ សហគ្រាសដែលបានចុះបញ្ជិការសរុបចំនួន ១៧,៦៨៤ ដែលមានកម្មករនិយោជិតសរុបចំនួនជិត១,៥លាននាក់ ក្នុងនោះរោងចក្រ សហគ្រាសវិស័យវាយនភណ្ឌកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប មានចំនួន ១,៣៣៧ ដែលមានកម្មករនិយោជិតសរុបជាង៨៣ម៉ឺននាក់។

ក្នុងតំណែងជានាយករដ្ឋមន្ត្រីនៃកម្ពុជាអាណត្តិទី៧នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា  រាជរដ្ឋាភិបាលកម្ពុជានឹងរៀបចំកិច្ចប្រជុំជាមួយវិស័យឯកជន នាខែវិច្ឆិកា ខាងមុខ ដើម្បីកែលម្អបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា សំដៅបង្កើនភាពប្រកួតប្រជែង និងទាក់ទាញទុនវិនិយោគបន្ថែម និងបង្កើតការងារថ្មីៗជូនប្រជាពលរដ្ឋ។

ដើម្បីចូលរួមចំណែកក្នុងការទាក់ទាញ និងជំរុញវិនិយោគក្នុងប្រទេសកម្ពុជា ក៏ដូចជាការវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជាបន្ថែមទៀត កាលពី ខែមិថុនា ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក៏បានចេញសេចក្តីប្រកាស អនុក្រឹត្យស្តីពីការអនុវត្តច្បាប់ ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងផ្តល់នូវបរិស្ថានវិនិយោគ និងការបង្កើតនូវក្របខ័ណ្ឌគតិយុត្ត បើកចំហ មានតម្លាភាព អាចប៉ាន់ប្រមាណទុកជាមុនបាន ប្រកបដោយភាពអំណោយផលសម្រាប់ការវិនិយោគ ដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

ទន្ទឹមនេះដែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏កំពុងបន្តអនុវត្តទិសដៅក្នុងការរក្សា និង បង្កើនមុខរបរ និងការងារនៅក្នុង និង ក្រៅប្រទេសផងដែរ។ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករនិយោជិតរោងចក្រកាត់ដេរនៅក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានបង្ហាញ អំពីវឌ្ឍនភាពការងារអាទិភាព ដែលក្រសួងត្រូវអនុវត្តក្នុងឆ្នាំ២០២៣នេះផងដែរ។

ក្នុងនោះគឺក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជាក់ថាបានបង្កើតក្រុមការងារដើម្បីរៀបចំយន្តការវាយតម្លៃនិងកំណត់លក្ខណវិនិច្ឆ័យ “សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ” ដោយពិគ្រោះយោបល់និងសហការជាមួយដៃគូសង្គម សំដៅឈានទៅការដាក់ចេញយុទ្ធនាការប្រឡងប្រណាំងចាប់ពីឆ្នាំ២០២៤។ កម្មវិធីនេះ នឹងចូលរួមជំរុញ លើកទឹកចិត្តដល់រោងចក្រ សហគ្រាស បង្កើនការប្រកួតប្រជែងទាំងបរិយាកាសការងារ និង ផលិតភាពការងារ ក្នុងរោងចក្រ សហគ្រាសនីមួយៗកាន់តែខ្លាំង៕

To Top