ភ្នំពេញ៖ ស្ពានទ័ព ឬស្ពានអូរជីក មានទីតាំងស្ថិតនៅភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដែលមានទីតាំងជាប់នឹងព្រំប្រទល់នៃខេត្តសៀមរាប ជាស្ពានចាស់បុរាណមួយ ធ្វើពីថ្មបាយក្រៀមស្ទើរតែទាំងអស់ លើកលែងតែបង្កាន់ដៃនាគ និងជើងទម្រដែលធ្វើពីថ្មភក់។
បើតាមមន្ទីរទេសចរណ៍ខេត្តឧត្ដមានជ័យ បានឱ្យដឹងថា សព្វថ្ងៃនេះបង្កាន់ដៃនាគ និងជើងទម្រនៅសល់តែផ្នែកខ្លះៗតែប៉ុណ្ណោះ។ ចំណែកឯសរសរជើងស្ពានខ្លះទទួលការសឹករិចរឹលខ្លាំង។
ស្ពានទ័ព ឬស្ពានអូរជីកនេះមានបណ្តោយប្រវែងប្រមាណជា១៤៩ម៉ែត្រ ទទឹងប្រមាណជា១៥,៥០ម៉ែត្រ កម្ពស់ប្រហែល១០ម៉ែត្រពីផ្ទៃដី និងរន្ធបង្ហូរទឹកចំនួន៣៥ ដែលបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័ន្មទី៧ ក្នុងចន្លោះសតវត្សទី១២ និងទី១៣ នៃគ.ស។ ស្ពាននេះ ត្រូវបានចាត់ទុកថាមានប្រវែងវែងជាងគេបង្អស់ នៅក្នុងចំណោមស្ពានបុរាណនានាជាង១០០ដែលគេបានស្រាវជ្រាវរកឃើញនៅក្នុងប្រទេសកម្ពុជា។
កាលពីជំនាន់ដែលរាជធានីអង្គរជាមណ្ឌលនៃចក្រភពអង្គដ៏ធំមួយនេះ ទីតាំងសំខាន់ៗជិត ឬឆ្ងាយតែងតែភ្ជាប់ខ្លួនមកមណ្ឌលនេះតាមបណ្តាញគមនាគមន៍ស្អេកស្កេះ។ ក្នុងនោះមានផ្លូវថ្នល់តូចធំ ស្ពាន។ល។ ឧទាហរណ៍ផ្លូវចេញពីអង្គរទៅសម្បូរណ៍ព្រៃគុក (ឦសាន្តបុរ:) ដោយកាត់តាមរលួស (ហរិហរាល័យ) និងកំពង់ក្តី (ដូចជាស្ពានកំពង់ក្តី)។ ឧទាហរណ៍មួយទៀត គឺផ្លូវដែលចេញពីអង្គរទៅវាលទំនាបមេណាម ជាពិសេសកាត់តាមចំណុចប្រាសាទស្តុកកក់ធំ (ខេត្តស្រះកែវ ប្រទេសថៃសព្វថ្ងៃ)។
ស្ពានទ័ព ឬស្ពានអូរជីកនេះ ឆ្លងកាត់មកពីខាងលើភូមិរមៀត ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យរហូតមកទល់ស្ទឹងក្រឡាញ់ ខេត្តសៀមរាប។ ស្ពាននេះមិនមែនជាស្ពានកាត់តាមផ្លូវបុរាណតែមួយនៅតំបន់នោះទេ។ បើសិនយើងធ្វើដំណើរតាមតម្រាយនៃផ្លូវបុរាណចេញពីអង្គរ កាត់ឃុំអង្គរភាស ស្រុកពួក បន្តមកភូមិគោគខ្ជាយខាងជើង កាត់ខាងជើងភូមិគោគជ្រៃ ឃុំសរសរស្តម្ភ ខេត្តសៀមរាប យើងនឹងឃើញមានផ្លូវបែកជាពីរ។ ផ្លូវបុរាណខ្សែទី១បែកទៅឃុំជន្លាស់ដៃ អន្លង់ស្វាយ ស្រុកក្រឡាញ់ តភ្ជាប់ទៅឃុំស្ពានស្រែង (មានស្ពានថ្មបុរាណមួយវែង) កាត់ស្ទឹងស្រែង ឃុំស្រះជីក ភ្ជាប់ទៅឃុំប៉ោយចារ (មានស្ពានថ្មបុរាណមួយវែងនៅជិតទំនប់អាងត្រពាំងថ្ម) នៃស្រុកភ្នំស្រុក បន្តទៅស្រុកថ្មពួក ស្រុកស្វាយចេក និងបន្តរហូតដល់ប្រាសាទបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ ហើយចុងក្រោយភ្ជាប់ទៅប្រាសាទភីម៉ៃ (បច្ចុប្បន្នប្រទេសថៃ) ឬអាចទៅសុខោទ័យ។ ចំណែកឯផ្លូវបុរាណខ្សែទី២ ដែលគេអះអាងថាសំដៅទៅភ្នំដងរ៉ែក តទៅប្រាសាទភ្នំរូង (ខេត្តបូរីរ់ាំ ប្រទេសថៃ) ឬតភ្ជាប់បន្តទៅប្រាសាទភីម៉ៃ ឬបន្តទៅសុខោទ័យ។ ផ្លូវនេះកាត់តាមភូមិខ្នាររ៉ឹល ឃុំសែនសុខ ឆ្ពោះទៅកាន់ខាងកើតស្រុកស្រីស្នំ កាត់តាមឃុំស្ពានស្រែង ឬភូមិចំការចេក ហើយសំដៅទៅខាងកើតឈៀងខាងជើងភូមិត្រុំ (ដែលមានអាងបុរាណមួយនៅក្បែរអូរជីក អ្នកភូមិហៅថាស្ទឹងអូរជីក) ស្រុកស្រីស្នំខេត្តសៀមរាប ឈមនឹងភូមិជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
បច្ចុប្បន្នទីតាំងនៃស្ពានទ័ព ឬស្ពានអូរជីកនេះ គ្រប់ដណ្ដប់ទៅដោយតំបន់ព្រៃឫស្សី និងមានព្រៃឈើធំតូចដុះក្បែរមាត់ផ្លូវដែលមានម្លប់ត្រឈឹងធ្វើអោយស្ពានមានភាពស្ងប់ស្ងាត់។
នៅពេលរដូវប្រាំងស្លឹកឈើរុះរោយធ្លាក់ទៅលើដងផ្លូវហើយមានស្លឹកថ្មីលាស់ដ៏ខៀវស្រងាត់ នៅពេលជិតដល់រដូវចូលឆ្នាំមានសត្វរ៉ៃយំកំដរ ដែលធ្វើអោយមានសភាពភ័យខ្លាចនៅពេលដើរម្នាក់ឯង ហើយនៅក្នុងប្រឡោះនៃស្ពានសម្រាប់ទឹកហូរមានភាពស្ងាត់ជ្រងំមើលមិនឃើញអ្វីសោះ ប៉ុន្តែនៅពេលរដូវវស្សាទឹកឡើងពេញរន្ធស្ពាន។ នៅពេលរដូវភ្ជុំបិណ្ឌ ប្រជាជនប្រុសស្រី នៅតំបន់នោះតែងធ្វើដំណើរ ទៅទស្សនាទេសភាពមាត់ស្ពាន ហើយបន្តទៅលេងស្ទឹងអូរជីកយ៉ាងកោះករ។
អ្នកស្រុកភូមិ នៅតែមានជំនឿទៅលើខ្មោចអ្នកតា ហើយស្ពាននេះមានសភាពកាន់តែស្ងាត់ជាងមុនដោយសារតែគេមានផ្លូវថ្មី សម្រាប់វាងស្ពានបុរាណនេះ។ នៅខាងត្បូងនៃស្ពានមានដើមឈើខ្ពស់ស្រោងៗបែកមែកសាខា នៅក្រោមដើមមានខ្ទមខ្មោចដែលគ្មានញាតិមិត្តយកទៅធ្វើបុណ្យឡើយដែរពួកអ្នកស្រុកហៅថា ខ្មោចតៃហោង ហើយនៅខាងជើងស្ពានក៏មានដើមពោធិ៍ ដែលអ្នកភូមិមានជំនឿថា សំបូរទៅដោយព្រាយបិសាច។ នៅក្បែរនោះមានអូរមួយប្រជាជនតែងតែហៅអូរជីកៗ ដែលមានប្រវែងប្រមាណជា២គីឡូម៉ែត្រ។ នៅក្បែរដើមពោធិ៍មានសាលាឆទានមួយសម្រាប់អោយអ្នកដំណើរសម្រាក។ កាលពីសម័យសង្គ្រាម តំបន់នេះ គឺជាបន្ទាយទាហាន៕