ព័ត៌មានជាតិ

លោក វង្សី វិស្សុត៖ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ មិនមែន កសាងតែហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែជាការតភ្ជាប់គោលនយោបាយអភិវឌ្ឍន៍ និងសេដ្ឋកិច្ច

ភ្នំពេញ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា កិច្ចសហប្រតិបត្តិការ​ ក្រោមក្របខណ្ឌ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ មិនមែនគ្រាន់តែជាគម្រោងក សាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ប៉ុណ្ណោះទេ តែក៏បានដើរតួជាផ្នែកមួយយ៉ាងសំខាន់ នៃការតភ្ជាប់គោលនយោបាយអភិវឌ្ឍន៍ និងសេដ្ឋកិច្ច ពាណិជ្ជកម្ម ។

ការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រីបែបនេះធ្វើឡើង ក្នុងឱកាសអនុញ្ញាតឱ្យលោកស្រី Zhong Jie ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម អមស្ថានទូត​ នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅប្រទេសកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី ។​ នេះបើយោងតាមខ្លឹមសារ របស់មន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី តាមបណ្តាញតេឡេក្រាម ។

ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានថ្លែងអំណរគុណ​ ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាប្រពៃណីដ៏ល្អ និងជាបងប្អូនរវាងរដ្ឋាភិបាល​ នៃសាធារណរដ្ឋប្រជាមានិតចិន និងរាជរដ្ឋាភិបាល នៃប្រទេសកម្ពុជា ដែលបានសម្រេចនូវលទ្ធផល ជាផ្លែផ្កាគួរជាទីមោទនៈ លើគ្រប់វិស័យ ជាពិសេស វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ, និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។

ក្នុងនោះ លោក វង្សី វិស្សុត​ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ​ ក្រោមក្របខណ្ឌ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលមិនមែនគ្រាន់តែជាគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ប៉ុណ្ណោះទេ តែក៏បានដើរតួជាផ្នែកមួយយ៉ាងសំខាន់ នៃការតភ្ជាប់គោលនយោបាយអភិវឌ្ឍន៍ និងសេដ្ឋកិច្ច ពាណិជ្ជកម្ម ការតភ្ជាប់រវាងមនុស្ស និងមនុស្សស្ថាប័ន និងស្ថាប័ននៃប្រទេស និងប្រជាជនទាំងពីរផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវស្មារតីសុទិដ្ឋិនិយម​ ចំពោះសក្តានុពល និងផ្លែផ្កាជាច្រើនផ្សេងទៀត ដែលអាចសម្រេចបាន ក្រោមភាពជាដៃគូដ៏ជិតស្និទ្ធនេះ តាមរយៈការចាប់យកកាលានុវត្តភាព នៃការលើកកម្ពស់ កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាយុទ្ធសាស្ត្រ និងគ្រប់ជ្រុងជ្រោយកម្ពុជា ចិន នៅក្នុងក្របខណ្ឌនៃការអនុវត្ត ផែនការសកម្មភាព ស្តីពីការកសាងសហគមន៍ វាសនារួម កម្ពុជា-ចិន នៅក្នុងយុគសម័យថ្មីឆ្នាំ២០២៤-២០២៨ ដែលជាផែនការសហប្រតិបត្តិការយ៉ាងសំខាន់ សម្រាប់ជាផលប្រយោជន៍ជូនប្រជាជន នៃប្រទេសទាំងពីរ និងបានលើកទឹកចិត្តឱ្យមានការពន្លឿន ការអនុវត្តផែនការសកម្មភាពនេះ។

ព្រមជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ និង លោកស្រីទីប្រឹក្សា បានកត់សម្គាល់នូវការបន្ស៊ីគ្នា​ រវាងយុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគោលនយោបាយអភិវឌ្ឍន៍នានា ដើម្បីទាញយកប្រយោជន៍ ពីសហថាមភាពនៃយុទ្ធសាស្ត្រទាំងនេះ ជូនប្រជាជននៃប្រទេសទាំងពីរ ។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងពីលទ្ធភាព រៀបចំអនុស្សរណៈ នៃការយោគយល់គ្នា រវាងទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងនាមជាសេនាធិការ ក្នុងការសម្របសម្រួល និងតាមដានការអនុវត្ត គោលនយោបាយរបស់រាជរដ្ឋាភិបាល ជាមួយនឹងស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងការពង្រឹងប្រសិទ្ធភាព នៃការអនុវត្តគោលនយោបាយ អភិវឌ្ឍន៍នានា ក្រោមក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ និងបានលើកឡើងនូវវិស័យចំនួន៣ ដែលប្រទេសទាំងពីរ អាចពង្រឹង កិច្ចសហប្រតិបត្តិការបន្ថែមទៀត រួមមាន៖ ទី១) ការសម្របសម្រួលគោលនយោបាយអភិវឌ្ឍន៍ ទី២) ការលើកកម្ពស់ប្រសិទ្ធភាព​ នៃការតាក់តែងច្បាប់ និងទី៣) ការលើកកម្ពស់សមត្ថភាពរបស់មន្ត្រីរាជការ។

ជាងនេះទៅទៀត ភាគីទាំងពីរ បានឯកភាពចាប់ផ្តើមសិក្សាស៊ីជម្រៅ​ លើទស្សនាទាននៃគម្រោង «ច្រករបៀងមច្ឆានិងអង្ករ» (Fish and Rice Corridor) និង «ច្រករបៀងការអភិវឌ្ឍឧស្សាហកម្ម» (Industrial Development Corridor) ដោយផ្តោតលើទិដ្ឋភាពសេដ្ឋកិច្ច បរិស្ថាន បច្ចេកវិទ្យា ហើយជាពិសេសលើទិដ្ឋភាពសង្គម និងជីវភាពរបស់ប្រជាជនកម្ពុជា៕

To Top