ព័ត៌មានជាតិ

មេកងយោធពលខេមរភូមិន្ទ ៖ ការផ្តល់ឋានន្តរសក្តិ ជូនមេបញ្ជាការកងទ័ពជើងគោក ស្របតាមផែនការ កែទម្រង់យូរអង្វែង

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា ការផ្តល់ឋានន្តរសក្តិ ជានាយឧត្តមសេនីយ៍ ជូនលោក ម៉ៅ សុផាន់ គឺស្របតាមផែនការកែទម្រង់យូរអង្វែង របស់កងយោធពលខេមរភូមិន្ទ និងអនុវត្តនូវគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន «រក្សាចាស់បង្កើតថ្មី» ។

ការថ្លែងបែបនេះ ធ្វើឡើងក្នុងពិធីបំពាក់ឋានន្តរសក្តិថ្នាក់ នាយឧត្តមសេនីយ៍ ជូនឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នាថ្ងៃទី១១ តុលា នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ។ នេះបើយោងតាមហ្វេសប៊ុលផេក អគ្គមេបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ។

ក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍លើកឡើងថា “កងយោធពលខេមរភូមិន្ទ នឹងបន្តអនុវត្តផែនការកែទម្រង់ កងទ័ពដោយឥតងាករេ និងកាន់តែស៊ីជម្រៅ ថែមទៀត ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ដើម្បីបង្កើន ថាមពលក្នុងវិស័យការពារជាតិ ហើយការកែទម្រង់កងទ័ពនេះក៏ត្រូវគិតអំពីគោលការណ៍ច្បាប់ ស្ថានភាពនយោបាយ និងសេដ្ឋកិច្ចជាតិផងដែរ “។

លោក វង្ស ពិសេន ក៏បានកោតសរសើរ ចំពោះសមត្ថភាព និងភាពឈ្លាសវៃ របស់នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ដែលក្នុងរយៈពេលកន្លងមក បានបំពេញភារកិច្ច និង សម្រេចស្នាដៃធំៗជាច្រើន រួមចំណែកក្នុងកិច្ចការពារសន្តិភាព បូរណភាពទឹកដី ការពារសន្តិសុខ និងសុវត្ថិភាព ជូនសង្គមជាតិបានល្អប្រសើរ ។

ជាមួយគ្នាននេះ លោកមេបញ្ជាការ បានបង្ហាញជំនឿយ៉ាងមុតមាំថា ក្រោយពីទទួលបានឋានន្តរសក្តិ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ នឹងបន្តខិតខំយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ចដឹកនាំអង្គភាព កងទ័ពជើងគោក ឱ្យកាន់តែរៀបរយ រួមចំណែកក្នុងការកែទម្រង់ កងយោធពលខេមរភូមិន្ទកាន់តែរីកចម្រើន ។

លោក វង្ស ពិសេន ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ នាយទាហាន ត្រូវយកកត្តាសាមគ្គីភាពផ្ទៃក្នុង ជាចម្បង ពង្រឹងការអនុវត្តច្បាប់ ស្តីពីលក្ខន្តិកៈទូទៅ ចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ បទវិន័យទូទៅ និងបន្តលើកកម្ពស់ការងារអប់រំចិត្តសាស្ត្រ ផ្សព្វផ្សាយច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានា និងសភាពការណ៍ថ្មីៗ ហើយត្រូវជៀសឆ្ងាយពីគ្រឿងញៀន ៕

To Top