ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ដ្រី ស សុខា​ អះអាងថា អាណត្តិទី៧នេះ នឹងកាត់បន្ថយបទល្មើសគ្រឿងញៀន ឲ្យបានពី២០ ទៅ៣០%

កណ្ដាល ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងការអះអាងក្នុងនាមជារដ្ឋមន្រ្តីវ័យក្មេងទើបចូលកាន់តំណែងប្រមាណជា២ខែថា ក្នុងអាណត្តិទី៧នេះ ក្រសួងមហាផ្ទៃ នឹងដាក់ចេញយុទ្ធសាស្ត្រកាត់បន្ថយបទល្មើសគ្រឿងញៀនឲ្យបានចន្លោះពី២០% ទៅ៣០% តាមមាគ៌ាដឹកនាំរបស់រាជរដ្ឋាភិបាល។

ក្នុងពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសជំនាញ «ដឹកនាំបញ្ជាកងកម្លាំងនគរបាលជាតិ» និងគោរមងារ «សន្តិបណ្ឌិត» នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានឲ្យដឹងថា បច្ចុប្បន្ននៅកម្ពុជា មានទណ្ឌិតប្រមាណជាង ៤ម៉ឺននាក់ ភាគច្រើនជាអ្នកទោស ដែលជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនច្រើនជាងគេ ខណៈពន្ធនាគារកម្ពុជាអាចផ្ទុកចំណុះត្រឹមជាង ៣ម៉ឺននាក់ប៉ុណ្ណោះ ។

លោកឧបនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា «គោលដៅរបស់ក្រសួងមហាផ្ទៃ ក្នុងអាណត្តិទី៧នេះ ថានឹងដាក់ចេញយុទ្ធសាស្ត្រកាត់បន្ថយបទល្មើសគ្រឿងញៀនឲ្យបានចន្លោះពី២០% ទៅ៣០% តាមមាគ៌ាដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី»។

លោកឧបនាយករដ្ឋមន្ត្រីបន្ដថា តាមបណ្ដាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត គប្បីបង្កើនការយកចិត្តទុកដាក់ចាត់វិធានការលើបញ្ហាគ្រឿងញៀន ដោយប្រមូលផ្ដុំការចូលរួមពីគ្រប់មជ្ឈដ្ឋាន និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ជារួម គប្បីប្រើកម្លាំងសរុប មធ្យោបាយសរុប និងវិធានការសរុប ដើម្បីឈានទៅប្រយុទ្ធប្រឆាំងនឹងមេគ្រោះមួយនេះ៕

To Top