ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា ប្ដេជ្ញាផ្លាស់ប្ដូរពីគំរូសេដ្ឋកិច្ចប្រពៃណី ទៅជាសេដ្ឋកិច្ចឌីជីថលមានភាពធន់

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាផ្លាស់ប្តូរពីគំរូសេដ្ឋកិច្ចប្រពៃណីទៅជាសេដ្ឋកិច្ចឌីជីថលដែលមានភាពធន់។នេះបើយោងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខ្មែរ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។

នាឱកាសអញ្ជើញថ្លែងសុន្ទរថា ក្នុងអំឡុងពេលចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្ដរជាតិ នៅទីក្រុងប៉េកាំង សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ពីសារសំខាន់ នៃកំណើនសេដ្ឋកិច្ចឌីជីថល ដែលជាប្រភពថ្មីនៃកំណើន តាមរយៈការផ្តល់កាលានុវត្តន៍ភាពដ៏ពិសេសមួយដល់ប្រទេសនានា ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន។

ក្នុងគោលបំណងសម្រេចឲ្យបានពេញលេញនូវសក្តានុពលរបស់សេដ្ឋកិច្ចឌីជីថល សម្តេចធិបតី បានសង្កត់ធ្ងន់ពីសារសំខាន់ នៃគោលនយោបាយ និងបទប្បញ្ញត្តិអំណោយផល ព្រមទាំងហេដ្ឋារចនាស ម្ព័ន្ធដែលគាំទ្រដល់នវានុវត្តន៍ ការពារកម្មសិទ្ធិបញ្ញា និងលើកកម្ពស់អក្ខរកម្មឌីជីថល។

សម្តេចធិបតី បានអំពាវនាវឱ្យបង្កើនការផ្តល់មូលនិធិដល់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅក្នុងប្រទេសកំពុង អភិវឌ្ឍ រួមមាន ការតភ្ជាប់ មជ្ឈមណ្ឌលទិន្នន័យ សន្តិសុខ ព្រមទាំងកត្តាជំរុញ និងថ្នាលសំខាន់ៗ ដទៃទៀត តាមរយៈក្របខ័ណ្ឌBRI។ សម្តេធិបតី បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្លាស់ប្តូរពីគំរូ សេដ្ឋកិច្ចប្រពៃណី ទៅជាសេដ្ឋកិច្ចឌីជីថលដែលមានភាពធន់ តាមរយៈការដាក់ចេញនូវគោល នយោបាយពាក់ព័ន្ធនឹងឌីជីថលមួយចំនួន។

សម្តេចធិបតី បានជំរុញឲ្យដៃគូសំខាន់ៗ ទាំងវិស័យសាធារណៈ និងឯកជន ស្វែងយល់ពីឱកាសដ៏ធំធេងដែលកម្ពុជា អាចផ្តល់ជូន ក្នុងវិស័យសេដ្ឋកិច្ចឌីជីថល។

សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ចាប់ពីថ្ងៃទី១៦-១៩ ខែតុលា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង។ មូលបទនៃ កិច្ចប្រជុំនេះគឺ «កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ប្រកបដោយគុណភាពខ្ពស់៖ រួមគ្នាដើម្បី ការអភិវឌ្ឍ និងវិបុលភាពរួម»៕

To Top