បច្ចេកវិទ្យា

ពិធីចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់ រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងក្រុមហ៊ុន ហួវៃ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការធ្វើបរិវត្តកម្មឌីជីថល

ទីក្រុងប៉េកាំង នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជានិង ក្រុមហ៊ុន ហួវៃ ថេកណឡជី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់(MoU) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការធ្វើបរិវត្តកម្មឌីជីថល។ កិច្ចព្រមព្រៀងនេះត្រូវបាន ចុះហត្ថលេខា ដោយ លោក សាយម៉ុន លីន អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន ហួវៃ គ្រុបនិងជាប្រធាន ក្រុមហ៊ុន ហួវៃ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍នៃប្រទេសកម្ពុជា។ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុន ហួវៃ បាននិងកំពុងអនុវត្តតាមការណែនាំនិងសហការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា ដើម្បីអភិវឌ្ឍវិស័យបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ (“ICT”) នៅប្រទេសកម្ពុជាអស់រយៈពេលជាង២០ឆ្នាំ មកហើយដោយតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ “នៅប្រទេសកម្ពុជា ដើម្បីប្រទេសកម្ពុជា” ។ អនុស្សរណៈនៃការយោគយល់នេះមានគោលបំណងរួមមួយក្នុងការពង្រឹងនិងអភិវឌ្ឍបន្ថែមទៀតនូវបច្ចេកវិទ្យាទូរគមនាគមន៍ចុងក្រោយបំផុតនិងពន្លឿនបរិវត្តកម្មឌីជីថលនៅកម្ពុជា ដោយស្របទៅតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជាឆ្នាំ២០២២-២០៣៥ អនុម័តដោយរាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងចក្ខុវិស័យដើម្បីបង្កើតរដ្ឋាភិបាលឌីជីថលដើម្បីលើកកម្ពស់គុណភាពនៃជីវិតរបស់ប្រជាពលរដ្ឋ និងកសាងទំនុកចិត្តរបស់ពួកគេតាមរយៈការផ្តល់សេវាសាធារណៈកាន់តែប្រសើរ។

យោងតាមកិច្ចសហប្រតិបត្តិការនេះ ភាគីទាំងពីរទទួលស្គាល់នូវសារៈសំខាន់នៃការតភ្ជាប់ឌីជីថលនិងប្តេជ្ញាចិត្តក្នុងវិធីសាស្រ្តសហការឆ្ពោះទៅរកការអភិវឌ្ឍនិងការបង្កើនហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍(ICT)នៅប្រទេសកម្ពុជា រួមមានការតភ្ជាប់ឌីជីថល ការរៀបចំទីក្រុងឆ្លាតវៃ និងការសហការលើការកសាង សមត្ថភាពឌីជីថល ជាពិសេសការបណ្តុះបណ្តាលទេពកោសល្យបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍(ICT)។

លោក សាយម៉ុន លីន អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន ហួវៃ គ្រុបនិងជាប្រធាន ក្រុមហ៊ុន ហួវៃ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា៖ «ឆ្លៀតក្នុងឱកាសដ៏អធិកអធមនៃពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នេះ ក្រុមហ៊ុន ហួវៃ សូមសម្តែងនូវការដឹងគុណនិងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល កម្ពុជានិងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ចំពោះការបន្តណែនាំនិងគាំទ្រដល់ក្រុមហ៊ុនអស់រយៈពេល ២៤ ឆ្នាំមកនេះ ។ខ្ញុំពិតជាមានកិត្តយសក្នុងការចុះហត្ថលេខាលើកនេះតំណាងអោយក្រុមហ៊ុន ហួវៃ ជាមួយឯកឧត្តម រដ្ឋមន្ត្រីដើម្បីបន្តកិច្ចសហប្រតិបត្តិការស៊ីជម្រៅរបស់យើងក្នុងការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងប្រទេសកម្ពុជា ស្របទៅតាមការលើកឡើងរបស់ស្ថាបនិករបស់យើងលោក Ren Zhengfei ក្រុមហ៊ុន Huawei ផ្តល់អាទិភាពលើសន្តិសុខសាយប័រ(cybersecurity)ក្នុងនីតិវិធីអាជីវកម្មក្នុងគោលបំណងកសាងប្រព័ន្ធធានាសុវត្ថិភាពអ៊ិនធឺរណែតជាសកលក៏ដូចជាក្នុងប្រទេសកម្ពុជា»។

ស្របតាមអនុសាស្រ្តរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រុមហ៊ុន ហួវៃ នឹងប្តេជ្ញាណែនាំបច្ចេកវិទ្យាឌីជីថលចុងក្រោយបំផុតនិងការអនុវត្តល្អបំផុតសម្រាប់ប្រទេសកម្ពុជាតាមរយៈក្រសួងឈរនៅលើគោលការណ៍តែមួយនៃការបង្កើតរដ្ឋាភិបាលឌីជីថល ការជំរុញហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងជំរុញការអភិវឌ្ឍក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍(ICT)នៅប្រទេសកម្ពុជា ៕

To Top