ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ធំ ផ្អាកចរាចរចូលក្រុង ២ថ្ងៃ ដើម្បីរៀបចំពិធីប្រណាំងទូក

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ បានចេញសេចក្ដី ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែល ធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៦ ឱ្យបានជ្រាបថា នៅថ្ងៃទីថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពង់ធំ នឹង រៀបចំពិធីប្រណាំងទូកខេត្ត នៅចំណុចស្ពានស្ទឹងសែន ស្ថិតក្នុងភូមិសាស្ត្រក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ដើម្បីឱ្យកម្មវិធីខាងលើ ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ រដ្ឋបាលខេត្តកំពង់ធំ នឹងធ្វើការបញ្ចៀសចរាចរ និងផ្អាកចរាចរជាបណ្ដោះអាសន្ន ជុំវិញទីតាំងប្រារព្ធពិធី ដោយមិនអនុញ្ញាតឱ្យយានយន្ត គ្រប់ប្រភេទឆ្លងកាត់ផ្លូវ ចូលក្រុងចាប់ពីរង្វង់មូលតាក្រហមក រហូតដល់រូបសំណាកលោកតាអាចារ្យលាក់ រយៈពេល២ថ្ងៃ តាមពេលវេលាកំណត់ដូចខាងក្រោម៖

ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ១១:០០ នាទីព្រឹក រហូតដល់ម៉ោង ១២:០០ យប់

ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ១១:០០ នាទីព្រឹក រហូតដល់ម៉ោង ១២:០០ យប់

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវ ជាតិលេខ៦ មេត្តាជ្រាប យោគយល់អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរចូលក្រុងឆ្លងកាត់ទីតាំងប្រារព្ធពិធី តាមកាលបរិច្ឆេទខាងលើ ដោយក្តីអនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលខេត្ត នឹងបើកឱ្យ ចរាចរជាធម្មតាវិញ ៕

To Top