ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ហឺ វេទុង ៖ មិត្តភាព ចិន-កម្ពុជា បានចាក់ឫសយ៉ាងជ្រៅក្នុងបេះដូង ប្រជាជនទាំង២

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ហឺ វេទុង ( He Weidong ) អនុប្រធានគណៈកម្មាធិការយោធាមជ្ឈឹម នៃសាធារណរដ្ឋប្រជាមានិតចិន បានលើកឡើងថា ទំនាក់ទំនងមិត្តភាពចិន-កម្ពុជា បានបង្កើតឡើងដោយការពូនជ្រុំ ដោយមេដឹកនាំជំនាន់មុន ហើយបានចាក់ឫសយ៉ាងជ្រៅក្នុងបេះដូង របស់ប្រជាជននៃប្រទេសទាំងពីរ ។ នេះបើយោងតាមអគ្គនាយកដ្ឋាន យោធសេវាក្រសួងការពារជាតិ ។

ការលើកឡើងនេះ របស់នាយឧត្តមសេនីយ៍ ហឺ វេទុង ក្នុងជំនួបជាមួយ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ និង ជាមិត្តភាពនៅចិន និងចូលរួមក្នុងវេទិកាសៀងសាន លើកទី១០ នៅប៉េកាំង កាលពីរសៀលថ្ងៃ៣១ តុលា ។

លោក ហឺ វេទុង បានស្វាគមន៍ ចំពោះនាយឧត្តមសេនីយ៍ ទៀ សីហា ដោយលោកសង្ឃឹមថា តាមរយៈទស្សនកិច្ចនេះ កងទ័ពទាំងពីរ នឹងពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការជាមួយគ្នាឲ្យមានការអភិវឌ្ឍន៍រីកចម្រើន ទៅមុខឥតឈប់ឈរ។

ចំពោះឧបនាយករដ្ឋមន្រ្តី ទៀ សីហា បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាល ក៏ដូចជាប្រជាជនចិន ជានិច្ចកាលតែងតែគាំទ្រដល់កម្ពុជា ជាពិសេសក្នុងពេលជំងឺរាតត្បាតកូវីដ១៩ ចិន បានផ្ដល់ឧបករណ៍សម្ភារៈ បរិក្ខាពេទ្យ ឱសថ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺឆ្លងកូវីដ ក្នុងនោះសម្ដេចពិជ័យសេនា ទៀ បាញ់ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានធ្វើការសហការជាមួយ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលបានផ្តល់អំណោយវ៉ាក់សាំងកូវីដ១៩ សំរាប់ជួយស្រោចស្រង់ជីវិតប្រជាជនកម្ពុជា។

នាយឧត្តមសេនីយ៍ ទៀសីហាបញ្ជាក់ទៀតថា “ទំនាក់ទំនង មិត្តភាព កម្ពុជាចិន គឺជាមិត្តភាពដ៏ល្អប្រសើរ និងមានភាពយូរអង្វែង ។ បច្ចុប្បន្ននេះកម្ពុជាបានកំពុងធ្វើការអភិវឌ្ឍប្រទេសជាតិ ក្រោមម្លប់សន្តិភាព” ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំងពីរ ក្នុងការបន្តធ្វើសមយុទ្ធនាគមាស និង សមយុទ្ធទេវតាសន្តិភាព ដែលការអនុវត្តលំហាត់ហ្វឹកហ្វឺននេះ ក្នុងពេលកន្លងមក បាននាំមកនូវការពង្រឹងសមត្ថភាព ដល់កងយោធពលខេមរៈភូមិន្ទ ។

លោក ហឺ វេទុងបញ្ជាក់ដែរថា «ទំនាក់ទំនងមិត្តភាព ចិននិងកម្ពុជា បានបង្កើតឡើងដោយការពូនជ្រុំ ដោយមេដឹកនាំជំនាន់មុន ។ មិត្តភាព ចិន-កម្ពុជាបានចាក់ឫសយ៉ាងជ្រៅក្នុងបេះដូង របស់ប្រជាជននៃប្រទេសទាំងពីរ ហើយទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ព នៃប្រទេសយើងទាំងពីរ គឺជាទំនាក់ទំនងសំខាន់ដែលកងទ័ពប្រទេសទាំងពីរ ត្រូវខិតខំអនុវត្តឲ្យបានល្អ និងជំរុញសហប្រតិបត្តិការ កងទ័ពទាំងពីរកាន់តែមានកម្រិតខ្ពស់» ៕

To Top