ព័ត៌មានជាតិ

កម្ពុជា-អង់គ្លេស ឯកភាពពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការ ក្នុងវិស័យ ដែលមានសក្ដានុពលខ្ពស់

ភ្នំពេញ ៖ កម្ពុជា-ចក្រភពអង់គ្លេស បានឯកភាពធ្វើការរួមគ្នា ក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវ កិច្ចសហប្រតិបត្តិការក្នុងវិស័យ ដែលមានសក្ដានុពលខ្ពស់ នាពេលខាងមុខ ។

ការឯកភាពនេះធ្វើឡើងក្នុងកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី១ រវាងក្រសួងការបរទេសកម្ពុជា-អង់គ្លេស ដែលភាគីកម្ពុជាដឹកនាំដោយលោកបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការក្រសួងការបរទេស និងភាគីអង់គ្លេសដឹកនាំដោយលោក Dominic Williams ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេស ប្រចាំកម្ពុជា នាថ្ងៃទី៣១ តុលា នៅទីស្ដីការក្រសួង ។

ក្នុងឱកាសនោះថ្នាក់ដឹកនាំនៃគណៈប្រតិភូទាំងពីរ បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ នយោបាយទ្វេភាគី រវាងក្រសួងការបរទេសទាំងពីរ។

លោកបណ្ឌិត ចែម វីឌ្យ៉ា បានជម្រាប ជូនភាគីមិត្តអំពីការអភិវឌ្ឍសេដ្ឋកិច្ច និងស្ថានភាពនយោបាយ ថ្មីៗនៅកម្ពុជា ជាពិសេសការបោះឆ្នោតសកល ឆ្នាំ២០២៣ កម្មវិធីអាទិភាព៦ចំណុច និងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជាថ្មី។

ជាការឆ្លើយតប លោកទូត Dominic Williams បានកោតសរសើរអំពីវឌ្ឍនភាព និង សមិទ្ធផលដ៏គួរឲ្យកត់សម្គាល់របស់កម្ពុជា និងបានបញ្ជាក់ឡើងវិញ អំពីការប្តេជ្ញាចិត្តយ៉ាងមុតមំារបស់ចក្រភពអង់គ្លេស ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ។

ភាគីទាំងពីរបានឯកភាព ធ្វើការរួមគ្នាក្នុងការពង្រឹងនិងពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការក្នុងវិស័យ ដែលមានសក្ដានុពលខ្ពស់នាពេលខាងមុខ។ ភាគីទាំងពីរបានសន្យាជំរុញ ការផ្លាស់ប្តូរ ទស្សនកិច្ចទៅវិញទៅមកបន្ថែមទៀត ព្រមទាំងបន្តការពិគ្រោះយោបល់ និងកិច្ចសន្ទនាទៀងទាត់ រវាងប្រទេសទាំងពីរ ។

ភាគីទាំងពីរចាត់ទុកកិច្ចពិគ្រោះយោបល់ទ្វេភាគី ជាយន្តការចាំបាច់លើកកម្ពស់កិច្ចសហប្រតិបត្តិការ ដែលមានសក្តានុពលរវាងប្រទេសទាំងពីរ។ កិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី២ នឹងធ្វើឡើងនៅទីក្រុងឡុងដ៏ នាឆ្នាំក្រោយ ៕

To Top