ព័ត៌មានជាតិ

អភិបាលខេត្តព្រះសីហនុ ណែនាំមន្ទីរសាធារណការជំរុញការងារសាងសង់លូរ ផ្លូវបេតុង និងស្តារប្រឡាយឱ្យបានលឿន

ភ្នំពេញ​៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានណែនាំ ដល់ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ខិតខំជំរុញការងារសាងសង់លូរ ការស្តារប្រឡាយ និងសាងសង់ផ្លូវបេតុង ឱ្យបានលឿនដើម្បីជួយសម្រួលចរាចរណ៍ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ នេះបើយោងតាមរដ្ឋបាលខេត្តព្រះសីហនុ ។

ការណែនាំនេះ ធ្វើឡើងក្នុងឱកាស លោក គួច ចំរើន អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់លូរកាត់ទទឹងផ្លូវជាតិលេខ៤ ចំនួន៣កន្លែង ស្ថិតនៅក្នុងឃុំវាលរេញ ស្រុកព្រៃនប់ ដើម្បីជួយរំដោះជំនន់ទឹកភ្លៀងនៅរដូវវស្សា នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

ក្នុងឱកាសនោះលោក គួច ចំរើន ក៏បានធ្វើការណែនាំ ដល់ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ខិតខំជំរុញការងារសាងសង់លូរ ការស្តារប្រឡាយ និងសាងសង់ផ្លូវបេតុង ឱ្យបានលឿនឆាប់ជួយសម្រួលចរាចរណ៍ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋ ធ្វើដំណើរលើផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រស្រុកព្រៃនប់ កុំឱ្យមានការកកស្ទះ ម្យ៉ាងទៀតការងារសាងសង់លូរ ប្រឡាយ និងផ្លូវបេតុងនេះ ត្រូវមានគុណភាព តាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ ដើម្បីធានាការប្រើប្រាស់បានយូរអង្វែងសម្រាប់កូនចៅប្រជាពលរដ្ឋ។

លោក គួច ចំរើន សង្ឃឹមថាលូរ ប្រឡាយ និងផ្លូវបេតុងនឹងជួយសម្រួលចរាចរណ៍ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាការជួយរំដោះជំនន់ទឹកភ្លៀង មិនឱ្យមានការជន់លិច នៅផ្សារវាលរេញនៅឆ្នាំខាងមុខ ដោយសារតែកន្លងមក នៅរដូវវស្សាពេលមានភ្លៀងធ្លាក់ជាប់គ្នា តំបន់ផ្សារវាលរេញ តែងតែរងនូវជំនន់ទឹកភ្លៀង ជារៀងរាល់ឆ្នាំ ហើយម្យ៉ាងទៀត ប្រព័ន្ធលូរតូច មិនអាចជួយរំដោះទឹកភ្លៀងបាន ស្របពេលដែលប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍនៅក្នុងមូលដ្ឋាន កាន់តែមានទំហំធំ ពីមួយឆ្នាំទៅមួយឆ្នាំ៕

To Top