ព័ត៌មានជាតិ

សម្តេចធិបតី ៖ មានគេវាយប្រហារខ្ញុំថា ធ្វើគោលនយោបាយដើម្បីតែបក្ខពួក

កណ្តាល ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា មានក្រុមប្រឆាំងបានចោទ ប្រកាន់មកសម្តេចអំពីការធ្វើគោលនយោបាយ ដើម្បីតែបក្ខពួកនិយម របស់ខ្លួន ប៉ុន្តែសម្តេចតបថា បក្ខពួករបស់សម្តេច គឺពលរដ្ឋខ្មែរទាំង១៧លាននាក់ ហ្នឹងហើយ ។

ក្នុងពិធីសំណេះសំណាលជាមួយកម្មករ នាព្រឹកថ្ងៃ ២ វិច្ឆិកា សម្តេចគូសបញ្ជាក់ថា «ថ្ងៃមុនគេវាយប្រហារខ្ញុំថា ដាក់ចេញគោលនយោបាយ ដើម្បីតែបក្ខពួក ឬអ្នកមានអំណាច។ តែខ្ញុំប្រាប់ថា និយមន័យបក្ខពួករបស់ហ៊ុន ម៉ាណែត ឬគណបក្សប្រជាជនកម្ពុជា គឺប្រជាពលរដ្ឋ១៧លាននាក់ ហើយអ្នកដែល មានអំណាចគឺប្រជាពលរដ្ឋ ។ ដូច្នេះថាគោលនយោបាយដាក់ចេញ គឺប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា” ។

ដោយសារតែកុំឲ្យមានការយល់ច្រឡំពីក្រុមមនុស្សមួយក្តាប់តូចនេះ អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ទើបសម្តេច បានស្នើឲ្យក្រសួង ការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ត្រូវធ្វើការរៀបចំចុះឈ្មោះ សម្រាប់ការបណ្តុះបណ្តាលជំនាញ ឲ្យមានភាពងាយស្រួល ដោយកុំឲ្យមានភាពសាំញ៉ាំ និងធ្វើឲ្យអ្នកចង់រៀនជំនាញ កុំពិបាក ។

សម្តេចបញ្ជាក់ថា «ការបណ្តុះបណ្តាលជំនាញ ក្នុងគោលការណ៍១លាន៥សែននាក់ គឺផ្តោតលើកូនចៅប្រជាជន មានអាយុចាប់ពី១៥ ឆ្នាំឡើងអាចទទួលការបណ្តុះបណ្តាល ។ កូនចៅដែលស្ថិតក្នុងគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យ ជាអ្នកទទួលផល ចំពោះបងប្អូន កម្មករ កម្មការិនី ក៏ជាអ្នកទទួលផលដែរ។ ខ្ញុំសូមឲ្យក្រសួងការងារជាមួយ វិស័យឯកជនដើម្បីផ្សព្វផ្សាយ ឲ្យបងប្អូនបានដឹង»។

សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា បើសិនមិនមានការផ្សព្វផ្សាយ ឲ្យប្រជាពលរដ្ឋបានដឹងទេ ទោះបីជាមានគោលនយោបាយ ក៏មិនដំណើរការដែរ ឬគ្មានប្រើដែរ។ ការផ្សព្វផ្សាយត្រូវតែធ្វើ ហើយត្រូវតែពន្យល់គាត់ រៀបចំនីតិវិធីឲ្យសាមញ្ញបំផុត។

សម្តេចធិបតីគូសបញ្ជាក់ទៀតថា «កុំឲ្យយើងរៀបចំកម្មវិធីហើយ អ្នកបំពេញទម្រង់បែបបទមិនត្រូវ ចូលរៀនមិនកើត ដូច្នេះលក្ខខណ្ឌកុំតឹង គឺថាធ្វើយ៉ាងណាឲ្យ បងប្អូនចូលរៀនបាន បំពេញតាមអនឡាញក៏បាន ព្រោះពេលខ្លះបងប្អូនកម្មករ រវល់ការងារដល់ទៅធ្វើការបំពេញបែបបទមួយថ្ងៃ អីចឹងខាតពេលវេលាដែរ” ៕

To Top