ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យមួយ ស្ថិតនៅចំណុច ផ្ទះលេខ១៣១ ក្រុមទី៥ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង១២ថ្ងៃត្រង់ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ។

យោងតាមមន្រ្តីសាលាសង្កាត់ស្ទឹងមានជ័យ បានឲ្យដឹងថា ករណីអគ្គិភ័យនេះបានបណ្តាលឲ្យឆេះផ្ទះមួយខ្នង ធ្វើអំពីថ្មក្រោម ឈើលើដែលមានទំហំ(៥×១០) និងបណ្តាលឲ្យបុរសម្នាក់ស្លាប់ ។

ក្នុងហេតុការណ៍នោះ កម្លាំងអន្តរាគមន៍រថយន្តអគ្គិភ័យ បានប្រើប្រាស់ រថយន្តសរុបចំនួន១៤ គ្រឿង និងបាញ់ពន្លត់ អស់១០គ្រឿង។ តាមប្រភពព័ត៌មានពីលោកប្រធានភូមិ បានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ គី ប៊ុនស៊ាន ភេទប្រុស អាយុ៦៨ឆ្នាំ ជនជាតិខ្មែរ ។

តាមការឲ្យដឹងពីម្ចាស់ផ្ទះជាឪពុក បានឲ្យដឹងថា អ្នកស្លាប់ជាកូនពៅគាត់បែកថ្នាំ បានធ្វើការដុតផ្ទះដោយចងទ្វាជាប់ ទើបបណ្តាលឲ្យមានការឆាបឆេះខ្លាំង ពោលបានឆាបឆេះអស់ទាំងស្រុង និងបណ្តាលរូបគេមានឈ្មោះ គី ប៊ុនសែន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរនៅផ្ទះ ស្លាប់បាត់បង់ជីវិតក្នុងផ្ទះតែម្តង៕

