ព័ត៌មានជាតិ

ពលរដ្ឋខណ្ឌពោធិ៍សែនជ័យ ភាគច្រើន ស្នើអាជ្ញាធរ ជួយធ្វើប្លង់កម្មសិទ្ធិដីធ្លី និងកសាងហេដ្ឋារចនាសម្ព័ន្ធ

រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ ៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ឆ្នាំ២០២៣ នៅខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី៧ ខែ វិច្ឆិកា ឆ្នាំ២០២៣នេះ មានប្រជាពលរដ្ឋ ចូលរួមលើកសំណើរ សំណូមពរ យ៉ាងផុលផុស ដែលក្នុងនោះភាគច្រើនស្នើសុំធ្វើប្លង់កម្មសិទ្ធិ លើអចលនទ្រព្យ សុំជួសជុលផ្លូវ និងដាក់លូ ព្រមទាំងស្នើសុំឲ្យពិនិត្យឡើងវិញ លើការបង់ពន្ធដីធ្លី ។

ឆ្លើយតបនៅចំពោះមុខប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងសំណើរសុំធ្វើផ្លូវ ជួសជុលផ្លូវ ដាក់លូ ស្តាលូ ប្រឡាយ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ក៏បានបង្ហាញពីកិច្ចសហការ ជាមួយរដ្ឋបាលខណ្ឌ ដើម្បីដោះស្រាយនូវសំណើរទាំងឡាយណា ដែលស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួនឲ្យបានឆាប់ តាមតែអាចធ្វើទៅបាន។ ចំពោះសំណើរណាដែលមានទំហំថវិកាលើសពីដែនសមត្ថកិច្ចរបស់មន្ទីរ លោកនឹងចុះសិក្សាលំអិតរួចដាក់ជូនអភិបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យនិងសម្រេច ដោះស្រាយជូនទៅតាមផែនការ ជាបន្តបន្ទាប់នៅពេលក្រោយ។

ដោយឡែក បញ្ហាពាក់ព័ន្ធមួយចំនួនទៀត ត្រូវបានអញ្ជើញមន្រ្តីជំនាញ ឡើងមកពន្យល់ និងចូលរួមដោះស្រាយជូនប្រជាពលរដ្ឋទាំងនោះ ប៉ុន្តែយ៉ាងណាអាជ្ញាធរក៏បានសុំការយោគយល់ ពីប្រជាពលរដ្ឋផងដែរ ចំពោះការយឺតយ៉ាវដោយសារត្រូវដោះស្រាយ ទៅតាមជំហានជាបន្តបន្ទាប់ជូន។

នាឱកាសនោះ លោក ហួត ហៃ បានលើកថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនាព្រឹកនេះ មានពលរដ្ឋចូលរួមយ៉ាងផុសផុលទាំងផ្ទាល់មាត់ និងតាមប្រអប់សំបុត្រ បើទោះជាបញ្ហាខ្លះ ស្ថិតនៅក្នុងគម្រោងផែនការ អភិវឌ្ឍន៍៣ឆ្នាំរំកិលក្តី តែបានបកស្រាយពន្យល់ជូនពួកគាត់ បានជ្រាបហើយដែរ។

លោកបន្តថា ចំពោះសំណើរសុំ ដែលមិនទាន់បានដោះស្រាយ នឹងបន្តយកទៅពិភាក្សា និងដោះស្រាយតាមក្រោយទៀត។

ជាមួយគ្នានោះ លោក ជួប ខុន បានលើកឡើងថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះ ធ្វើឡើងក្នុង១ឆ្នាំម្តង ក្នុងត្រីមាសទី៤ អំឡុងខែ តុលា វិច្ឆិកា និងខែធ្នូ ដើម្បីដោះស្រាយ រាល់កង្វល់ សំណូមពរ និងសំណើររបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន បញ្ហាអភិវឌ្ឍន៍មូលដ្ឋាន និងការផ្តល់សេវាសាធារណៈជាដើម។

គួរបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ឆ្នាំ២០២៣ នៅខណ្ឌពោធិ៍សែនជ័យនេះ ធ្វើឡើងក្រោមវត្តមាន លោក ជួប ខុន សមាជិកក្រុមប្រឹក្សា និង លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ និងមានការចូលរួមពីមន្រ្តីពាក់ព័ន្ធជាច្រើនទៀត នៅក្នុងបរិវេណ វត្តពោធិ៍ចិនតុង៕

To Top