ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស (៩ វិច្ឆិកា ១៩៩៥-៩ វិច្ឆិកា ២០២៣ ) នាព្រឹកថ្ងៃ១០ វិច្ឆិកា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានឲ្យគ្រប់ភាគីពាក់ព័ន្ធចូលរួម ដោះស្រាយទីលានហ្វឹកហ្វឺនឲ្យកងទ័ពឲ្យបានធំទូលាយ សម្រាប់ការបង្កការងាយស្រួល ក្នុងការហ្វឹកហាត់ជំនាញនានា ។
សម្តេចធិបតីបានមានប្រសាសន៍បន្តថា ការហ្វឹកហ្វឺនកងទ័ពមិនមែន ជារឿងងាយស្រួលនោះទេ ត្រូវការទីលានធំទូលាយ ហើយធ្វើយ៉ាងណា ត្រូវគិតគូពីសុវត្ថិភាពដល់ពលរដ្ឋ ដែលមានលំនៅដ្ឋាននៅក្បែរនោះ ព្រោះជួនកាលហានិភ័យ ក៏អាចកើតមានឡើជាយថាហេតុលើ ពួកគាត់ផងដែរ ។
សម្តេចថា ដូច្នេះត្រូវការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធដោះស្រាយរឿងនេះ រាប់ទាំងក្រសួងដែនដីជាដើម លើករណីដីធ្លី ។
សម្តេចនាយករដ្ឋមន្រ្តីគូសបញ្ជាក់ថា “ចឹងទីលាន បើសិនជាយើងមិនមានទំហំធំ យើងមិនអាចហ្វឹកហ្វឺនបានទេ ព្រោះបើជិតជាមួយប្រជាពលរដ្ឋបង្កហានិភ័យ ត្រូវបាញ់កាំភ្លើងធំ មិនអាចឲ្យដាក់ប្រជាពលរដ្ឋ នៅក្បែរហ្នឹងបានទេ ។ ត្រូវប្រើប្រាស់ហ្វឹកហ្វឺនរួម ជាមួយប្រភេទទ័ពអាកាស នាពេលខាងមុខ ប្រើប្រាស់ឧទ្ធម្ភគចក្រ បើមានសមត្ថភាពហួស ពីហ្នឹងទៅទៀត” ។
សម្តេចបន្ថែមទៀតថា សរុបជារួមត្រូវការទីតាំងធំ ព្រោះគិតពីសុវត្ថិភាព ប្រជាពលរដ្ឋជាចម្បង ។
ជាមួយគ្នានេះដែរ សម្តេចក៏បានឲ្យពង្រឹងមូលដ្ឋាន ទីលានហ្វឹកហ្វឺនដែលមានស្រាប់ ។ សម្តេចក៏បន្តថា កងទ័ពបើគ្មានកន្លែងហ្វឹកហ្វឺននោះទេ គឺមិនមានសមត្ថភាពគ្រប់គ្រាន់ឡើយ៕