ព័ត៌មានជាតិ

រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧០ ទិវាបុណ្យឯករាជ្យជាតិ

ភ្នំពេញ ៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និង​ លោក​ សុខ លូ អភិបាល ខេត្តបាត់ដំបង បានដឹកនាំកងកម្លាំង ប្រដាប់អាវុធទាំង៣ប្រភេទ ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ អាជ្ញាធរក្រុង ស្រុក សហភាពសហពន្ធ័យុវជនកម្ពុជា ក្រុមយុវជនកាយឫទ្ធិ គរុសិស្ស និស្សិត សិស្សានុសិស្ស និងប្រជាពលរដ្ឋ ប្រារព្ធពិធីរម្លឹកខួបអនុស្សាវរីយ៍ លើកទី៧០ ទិវាឯករាជ្យជាតិ៩ វិច្ឆិកា នៅបរិវេណវិមានឯករាជ្យ ក្រុងបាត់ដំបង ដើម្បីរម្លឹកនូវស្នាព្រះហស្ត ព្រះរាជបូជនីយកិច្ចរបស់សម្តេចព្រះ​ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលទ្រង់បានលះបង់ព្រះកាយពល ព្រះបញ្ញាញាណតស៊ូទាមទារឯករាជ្យភាព កម្ពុជាពីការត្រួតត្រា របស់អាណានិគមនិយមបារាំង។

អភិបាលខេត្តបាត់ដំបង លោក​ សុខ លូ បានថ្លែងថា ទិវានេះបានឆ្លុះបញ្ចាំងពីភាពជោគជ័យ នៃកម្លាំងមហាសាមគ្គី របស់ប្រជាជាតិខ្មែរយើងទាំងមូល ដែលបានឆ្លងកាត់ដំណាក់កាលមួយ ទៅដំណាក់កាលមួយទៀត ប្រកបដោយភាពបត់បែន នៃដំណើរប្រវត្តិសាស្ត្រ ដ៏ស្មុគស្មាញជាច្រើន ជាពិសេសឆ្លងកាត់រយៈពេល៧០ឆ្នាំកន្លងមក រហូតដល់បច្ចុប្បន្ននេះ គឺនៅតែរក្សាបាននូវអត្តសញ្ញាណ ជាកម្លាំងប្រដាប់អាវុធរបស់ជាតិកម្ពុជា ជាកងយោធពលខេមរភូមិន្ទ ដ៏អង់អាចក្លាហាន ដែលប្រសូត្រ ចេញពីប្រជាជន ដើម្បីប្រជាជន និងឆ្លើយតបទៅនឹងសំណូមពរ នៃការតស៊ូដ៏ត្រឹមត្រូវ របស់ប្រជាជន អ្វីៗទាំងអស់ដើម្បីបម្រើឧត្តមប្រយោជន៍ប្រទេសជាតិ និងប្រជាជនកម្ពុជា ជាដរាបតរៀងមក និងយូរអង្វែង។

លោក​ បានបញ្ជាក់ថា យើងទាំងអស់គ្នាជាប្រជារាស្ត្រខ្មែរ តែងតែចងចាំ និងកត់ត្រាក្នុងក្រាំងមាសនៃប្រវត្តិសាស្ត្រជាតិនូវព្រះមហាករុណាទិគុណ ប្រកបដោយព្រះព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅរបស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបូជាព្រះកាយពល និងព្រះបញ្ញាញាណដ៏ឈ្លាសវៃ ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី សេចក្តីសុខសាន្ត និងការរីកចម្រើននៃសង្គមជាតិ ហើយព្រះអង្គបានបង្រួបបង្រួមអ្នកនយោបាយ ដែលបានបែកបាក់គ្នា ឬមាននិន្នាការនយោបាយផ្សេងៗគ្នាឱ្យរួបរួមគ្នាវិញ និងបានប្រឹងប្រែងបម្រើប្រជាជនអស់ពីកម្លាំងកាយចិត្ត និងបានស្ថាបនាសង្គមរាស្ត្រនិយម ដែលជាស្នាព្រះហស្ថដ៏មានតម្លៃពុំឤចកាត់ថ្លៃបាន ពិសេសព្រះអង្គបានត្រួសត្រាយមាគ៌ាសន្តិភាព សាមគ្គីភាព និងអភិវឌ្ឍន៍សម្រាប់សង្គមជាតិខ្មែរ ទាំងមូល។

ក្នុងនាមរដ្ឋបាលខេត្ត គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត និងកងកម្លាំងប្រដាប់អាវុធ នៅក្នុងខេត្តបាត់ដំបង លោក​ សុខ លូ ប្ដេជ្ញាការពារយ៉ាង ដាច់ខាតនូវរដ្ឋធម្មនុញ្ញ រាជបល្ល័ង្គ រាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ការពារសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕

To Top