ព័ត៌មានជាតិ

ពិធីអុជកាំជ្រួច​ជប៉ុន រួមចំណែកស្វែងរកកាលានុវត្តភាពថ្មី សម្រាប់​កិច្ចសហការ ភាពជាដៃគូគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន​​

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា តាមរយៈព្រឹត្តិការណ៍ ពិធីអុជកាំជ្រួច អបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន បានរួមចំណែកបន្ថែមទៀត ក្នុងការស្វែងរកកាលានុវត្តភាពថ្មី សម្រាប់​ពង្រឹងនិងពង្រីកកិច្ចសហការ ភាពជាដៃគូគ្រប់ជ្រុងជ្រោយ របស់កម្ពុជា-ជប៉ុន ឲ្យកាន់តែមានប្រសិទ្ធភាព ។

ការថ្លែងរបស់លោក ឃួង ស្រេង ខាងលើនេះ ធ្វើឡើងក្នុងពិធីអុជកាំជ្រួច អបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន នៅរាត្រីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅមុខព្រះបរមរាជវាំង ក្រោមវត្តមាន លោក អូអ៊ិណូ អាត់ស៊ូហ្ស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងមន្ត្រីរាជការនៃរដ្ឋបាលរាធានីភ្នំពេញ ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

ក្នុងឱកាសនោះ លោកអភិបាលរាជធានីភ្នំពេញ បានអរគុណដល់ភាគីជប៉ុន ដែលបានជ្រើសរើសរាជធានីភ្នំពេញ សម្រាប់ជាគោលដៅនៃការរៀបចំ ក្នុងគោលបំណងបង្ហាញអំពី ប្រវត្តសាស្ត្រនៃទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន ដែលរាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ បាននឹងកំពុងខិតខំពូនជ្រុំជាបន្តបន្ទាប់ ។

លោក ឃួង ស្រេង បញ្ជាក់ថា “ខ្ញុំមានជំនឿមុតមាំថា តាមរយៈព្រឹត្តិការណ៍ក្នុងថ្ងៃនេះ (ពិធីអុជកាំជ្រួច អបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន) ពិតជាបានរួមចំណែកបន្ថែមទៀត ក្នុងការស្វែងរកកាលានុវត្តភាពថ្មី សម្រាប់​ពង្រឹងនិងពង្រីកកិច្ចសហការ ភាពជាដៃគូគ្រប់ជ្រុងជ្រោយ របស់កម្ពុជា-ជប៉ុន ឲ្យកាន់តែមានប្រសិទ្ធិភាព និងប្រកបដោយផ្លែផ្កា”។

អភិបាលរាជធានីភ្នំពេញបន្តថា “នាពេលបច្ចុប្បន្ន ទំនាក់ទំនងប្រពៃណី រវាងប្រទេសទាំងពីរ កាន់តែត្រូវពង្រឹងនិងពង្រីក ព្រមទាំងបាននាំមកនូវគុណប្រយោជន៍ សម្រាប់ប្រទេសជាតិ រាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ក្នុងន័យស្មើសិទ្ធិ ស្មើភាព និងការឧបត្តម្ភគាំទ្រ ជួយគ្នាទៅវិញទៅមក លើគ្រប់វិស័យ ទាំងក្នុងក្របខណ្ឌប្រទេស និងក្នុងក្របខណ្ឌរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ការពង្រឹង​ និងពង្រីកទំនាក់ទំនងការទូតទ្វេភាគី នៃកិច្ចសហប្រតិបត្តិការដ្ឋបាល ឈានឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយ ចីរភាព” ។

លោក ឃួង ស្រេង បន្ថែមទៀតថា “ជាក់ស្តែង គ្រាន់តែនៅមូលដ្ឋានរាជធានីភ្នំពេញ មិត្តភាពជាប្រពៃណី រវាងប្រទេសទាំងពីរ ដែលត្រូវបានត្រួសត្រាយ ដោយថ្នាក់ដឹកនាំជំនាន់មុនៗ និងថ្នាក់ថ្នមថែរក្សា យ៉ាងយកចិត្តទុកដាក់ ដោយថ្នាក់ដឹកនាំ ពីមួយជំនាន់ទៅមួយជំនាន់ សមទ្ធិផលជាច្រើនត្រូវបានកសាងឡើង ក្នុងនោះមិត្តជប៉ុនបានផ្តល់ជំនួយ អភិវឌ្ឍន៍ផ្លូវការលើគម្រោងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធជាច្រើន នៅរាជធានីភ្នំពេញ រួមមាន គម្រោងការពារទឹកជំនន់ កែលម្អប្រព័ន្ធប្រឡាយ លូជំហ៊ានទី១ រហូតដល់ជំហ៊ានទី៤ គម្រោងការសាងសង់ ស្ថាននីយប្រព្រឹត្តិកម្មទឹកកង្វក់ជើងឯក គម្រោងធ្វើឲ្យប្រសើរឡើង​ នូវសមត្ថភាពព​ន្លត់អគ្គិភ័យ តាមរយៈការផ្តល់រថយន្តពន្លត់អគ្គិភ័យប្រើប្រាស់រួច គម្រោងអភិវឌ្ឍន៍ ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ គម្រោងជំនួយក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលជាដើម បន្ថែមពីលើនេះវិស័យឯកជន ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន ក៏មានការកើនឡើងជាបន្តបន្ទាប់ ក្នុងនោះនៅរាជធា​ភ្នំពេញ ក្រុមហ៊ុន អ៊ីអនម៉ល ដែលជាក្រុមហ៊ុនវិនិយោគិនរបស់ជប៉ុន បានបណ្តាកទុនវិនិយោគ ក្នុងទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ លើគម្រោងអភិវឌ្ឍន៍ផ្សារទំនើប ចាប់ពីគម្រោងទី១ រហូតដល់គម្រោងទី៣ ដោយទទួលបាននូវការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋខ្មែរនៅគ្រប់មជ្ឈដ្ឋាន” ។

ជាមួយគ្នានេះ លោក ឃួង ស្រេង បានអះអាងថា “សម្រាប់ការរៀបកម្មវិធីបាញ់កាំជ្រួច អបអរសាទរ ​លើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន នាពេលនេះ គឺមិនត្រឹមតែធ្វើឡើង ដើម្បីអបអរសាទរខួបលើកទី៧០ ការបង្កើតទំនាក់ទំនងការទូត និងខួបលើកទី១០ នៃភាពជាដៃគូយុទ្ធសាស្ត្រ រវាងកម្ពុជា-ជប៉ុន ប៉ុណ្ណោះទេ តែថែមទាំងជាកាលានុវត្តភាពថ្មីមួយទៀត សម្រាប់ការស្វែងយល់ ឲ្យកាន់តែស៊ីជម្រៅ និងការតភ្ជាប់ រវាងប្រជាជននិងប្រជាជន ដើម្បីឈានទៅពង្រឹងកិច្ចសហប្រតិបត្តិការ មិត្តភាព សាមគ្គីភាព សម្រាប់ជាគុណប្រយោជន៍ នៃប្រជាជាតិយើងទាំងពីរ ក្នុងស្មារតីក្រោមការឧបត្ថម្ភគាំទ្រ និងការជួយគ្នាទៅវិញទៅមក លើគ្រប់វិស័យយ៉ាងពិតប្រាកដ៕

To Top