ភ្នំពេញ ៖ បេឡាជាតិ សន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះឈ្មោះសមាជិក ផ្នែកថែទាំសុខភាព របបភាគទាន ដោយស្ម័គ្រចិត្ត សរុបបានចំនួនជាង៧ម៉ឺននាក់ គិតចាប់ពីថ្ងៃទី១៥-២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ពោលគឺ មានរយៈពេលត្រឹម៦ថ្ងៃប៉ុណ្ណោះ ក្រោយពីរដ្ឋាភិបាល ប្រកាសប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវការអនុវត្តរបបសន្តិសុខ សង្គមផ្នែកថែទាំសុខភាព តាមរបបភាគទាន ដោយស្ម័គ្រចិត្តកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

នេះជាការបញ្ជាក់ របស់រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ក្នុងជំនួបសំណេះសំណាល កម្មករ-កម្មការិនីជិត២ម៉ឺននាក់ ក្នុងខណ្ឌកំបូលរាជធានីភ្នំពេញ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។
លោក ហេង សួរ បានគូសបញ្ជាក់ឲ្យដឹងថា គិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ បេឡាជាតិសន្តិសុខ សង្គមនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះឈ្មោះសមាជិក ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសរុបបានចំនួន ៧៤ ៩១៣នាក់ ក្នុងនោះបុគ្គលស្វ័យ និយោជន៍ចំនួន ៧៤ ៨៨៨នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ចំនួន ២៥នាក់ ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី បានលើកឡើងថា ក្នុងនោះមានអ្នកបានទៅប្រើប្រាស់សេវាចំនួន ៦ ៦៣៦ករណី និងចំណាយតាវការលិក អស់ទឹកប្រាក់ ប្រមាណជាង ៣២៥លានរៀល ដោយចាប់តាំងពីថ្ងៃប្រកាសអនុវត្តរបបថែទាំសុខភាព តាមរបបភាគទាន ដោយស្ម័គ្រចិត្តសម្រាប់ បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកមក ក្រសួងបានខិតខំសម្របសម្រួល បើកតាវការលិក ជូនបងប្អូនជាសមាជិកដោយរលូន និងមិនទាន់ទទួលបាននូវបណ្តឹង ឬមានករណីដែលមិនទទួល បានតាវការលិកនោះទេ ។

ចំណែកឯការចុះផ្សព្វផ្សាយវិញ លោករដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា ប.ស.ស. បានចុះយុទ្ធនាការតាមរោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ និងទីប្រជុំជនសរុបចំនួន ៨៤៧លើក ដែលមានអ្នកចូលរួមចំនួនជិត ២៨ម៉ឺននាក់ ហើយ នឹង បន្ត ការចុះយុទ្ធនាការ ឱ្យ បាន ចំនួន ៤ពាន់លើក ដើម្បីឱ្យទទួលព័ត៌មាន ដល់ ប្រជាជន ប្រមាណជិត ១,២លាននាក់ផងដែរ ។
លោករដ្ឋមន្រ្តីមានប្រសាសន៍ថា៖ « សមិទ្ធិផលដ៏ថ្លៃថ្លា និងគួរជាទីមោទនៈមួយនេះគឺកើតមានឡើងដោយ សារមូលដ្ឋានដ៏រឹងមាំនៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ដែលសម្តេចអគ្គមហាសេនា បតី ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានខិតខំកសាង ការពារ និងរក្សាជូនជាតិ និងមាតុភូមិកម្ពុជា នាពេលកន្លងទៅ និងកើតឡើងដោយសារការតាំងចិត្តដ៏មោះមុត ក្នុងការការពារសមិទ្ធផលចាស់ និងបង្កើតសមិទ្ធផល និងមរតកថ្មីជូនជាតិរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា»។

យោងតាមរបាយការ ក្រសួងការងារបានឲ្យដឹងថា តាមរយៈកម្មវិធីនេះ បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុង បន្ទុកសមាជិក ប.ស.ស. រួមមា ន ប្តីឬប្រពន្ធ និងកូនក្នុងបន្ទុក អាចទទួលបានរបបសន្តិសុខ សង្គមផ្នែកថែទាំសុខភាព ដោយគ្រាន់តែបង់ភាគទានត្រឹមតែ ១៥ ៦០០រៀល គឺបងប្អូនអាចទទួល បានសេវាព្យាបាល និង ថែទាំវេជ្ជសាស្ត្រនៅគ្រប់ពេទ្យ ដែលជាដៃគូរបស់ ប.ស.ស. បន្ថែមពីលើមន្ទីរពេទ្យរដ្ឋ។ បុគ្គលស្វ័យនិយោជន៍ ជាស្ត្រីដែលបង់ភាគ ទានបាន ៩ខែជាប់គ្នា នឹងទទួលបានប្រាក់បំណាច់លំហែមាតុភាព នៅពេលសម្រាលកូន និងវិភាជន៍ប្រាក់បូជាសពផងដែរ ៕
