ព័ត៌មានជាតិ

មន្ដ្រីក្រសួងសង្គមកិច្ច ៖ ត្រូវតែរួមគ្នាចាត់វិធានការដើម្បីធានា បរិយាប័ន្នការងារ សម្រាប់ជនមានពិការភាព​ ជាកិច្ចការសំខាន់

ភ្នំពេញ៖ តំណាងលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការនិងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានលើកឡើងថា ទីផ្សារការងារនាពេលអនាគត នឹងអាចធ្វើឲ្យមានគម្លាតបន្ថែមទៀត ដូច្នេះត្រូវតែរួមគ្នាចាត់វិធានការដើម្បីធានាថា បរិយាប័ន្នការងារសម្រាប់ជនមានពិការភាពគឺជាកិច្ចការសំខាន់។

ក្នុងពិធីអបអរសាទរបញ្ចប់គម្រោងដោយជោគជ័យស្ដីពី “ដំណើរឆ្ពោះទៅរកបរិយាបន្នការងារសម្រាប់ជនមានពិការភាព” នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ឯម ច័ន្ទមករា បញ្ជាក់ថា ទិន្នន័យការងាររបស់ជនមានពិការភាព គឺមានការពិបាកស្វែងរក ប៉ុន្តែតាមការប៉ាន់ស្មាន គឺអត្រាទីផ្សារការងាររបស់ជនមានពិការភាពគឺទាបជាងជនមិនពិការភាព។

លោក ឯម ច័ន្ទមករា បានឲ្យដឹងថា នៅកម្ពុជា រាជរដ្ឋាភិបាលតែងបានយកចិត្តទុកដាក់អំពីការផ្តល់អាទិភាព សម្រាប់ជនមានពិការភាពចូលបម្រើការងារនៅតាម ក្រសួង ស្ថាប័ន និងមានស្ថាប័នឯកជនជាច្រើនបាននិងកំពុងកើនឡើងនៃការទទួលស្គាល់អំពីពិការភាព ជាប្រភពនៃភាពចម្រុះ ទេពកោសល្យ និងការបង្កើតថ្មី។

ទន្ទឹមនេះ លោកបញ្ជាក់ថា សម្រាប់ជនមានពិការភាព ការងារសមរម្យមានន័យថា ពួកគេអាចត្រូវបានផ្តល់សិទ្ធិអំណាចឱ្យដឹកនាំជីវិតប្រកបដោយឯករាជ្យ និងបានរួមចំណែកដល់សុខុមាលភាពនៃគ្រួសារ សហគមន៍ និងសង្គមទាំងមូល ដើម្បីរួមគ្នាកសាងសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្នបន្ថែមទៀត។

រដ្ឋលេខាធិការរូបនេះ​ បានគូសបញ្ជាក់ថា នៅពេលអនាគតខាងមុខ ប្រធានបទការងារសម្រាប់ជនមានពិការភាពនៅតែជាបញ្ហាប្រឈមសម្រាប់សង្គមទូទៅនៃពិភពការងារ ខណៈបញ្ហាប្រឈមទាំងនេះចាំបាច់ត្រូវរួមគ្នាដោះស្រាយមុនពេលកើតឡើង ដើម្បីធានាថា “មិនត្រូវទុកឱ្យនរណាម្នាក់នៅឯកការ” ជាពិសេសអ្នកដែលងាយរងគ្រោះបំផុត រួមទាំងជនមានពិការភាពផងដែរ។

លោក ឯម ច័ន្ទមករា ថ្លែងថា​ «ការធានាបាននូវអនាគតរួមនៃការងារ គឺជាផ្នែកមួយនៃរបៀបវារៈឆ្នាំ២០២៣ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លើសពីនេះ មាត្រា២៧ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិជនមានពិការភាព បានទទួលស្គាល់សិទ្ធិជនមានពិការភាពក្នុងការធ្វើការងារដោយឈរលើ មូលដ្ឋានស្មើភាពជាមួយអ្នកដទៃ»។

សូមបញ្ជាក់ថា​ ជនមានពិការភាព ត្រូវបានគេចាត់ទុកថា ជាក្រុមមួយក្នុងចំណោមក្រុមដែលទទួលបានការយកចិត្តទុកដាក់ជាក់លាក់នៅក្នុងរបៀបវារៈឆ្នាំ២០៣០ ហើយគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDGs) បានកំណត់យ៉ាងច្បាស់អំពីផលប្រយោជន៍របស់ជនមានពិការភាព រួមទាំងក្នុងបរិបទនៃការងារសមរម្យ និងកំណើនសេដ្ឋកិច្ច៕

To Top