ព័ត៌មានជាតិ

ប្រព័ន្ធធារាសាស្ត្រព្រែកពោធិ ស្ថិតក្នុងភូមិសាស្ត្រឃុំព្រែកពោធិ ស្រុកស្រីសន្ធរ​ មានលទ្ធភាពស្រោចស្រពលើផ្ទៃដី ជាង ៨ ០០០ ហិកតា

ភ្នំពេញ ៖ ប្រព័ន្ធធារាសាស្រ្តព្រែកពោធិ មានប្រឡាយមេចំនួន ១២ខ្សែ និងប្រឡាយរង ចំនួន ៤៦ខ្សែ សរុបប្រវែង ១០៥,៣៧គីឡូម៉ែត្រ ក្នុងនោះប្រឡាយបេតុង មានប្រវែង ២៧,១៩គីឡូម៉ែត្រ និងប្រឡាយដីមានប្រវែង ៧៨,១៧គីឡូម៉ែត្រ សំណង់សិល្បការតូចធំចំនួន ១៩៥កន្លែង ព្រមទាំងមានស្ថានីយបូមទឹក ទំនើបបំពាក់ម៉ូទ័រ៧គ្រឿងចំនួនមួយកន្លែង ។

យោងតាម​គេហទំព័រ​ហ្វេសប៊ុក ​របស់​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​បាន​បញ្ជាក់​ថា​ ប្រព័ន្ធធារាសាស្ត្រនេះមានលទ្ធភាព ស្រោចស្រពលើផ្ទៃដីច្រើនជាង ៨ ០០០ ហិកតា លាតសន្ធឹងចាប់ពីស្រុកស្រីសន្ធរ ខេត្តកំពង់ចាម រហូតដល់ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងផ្នែកខ្លះនៃស្រុកពារាំង ខេត្តព្រៃវែង។ ដោយប្រើប្រាស់ ប្រភពទឹកពីទន្លេមេគង្គ ប្រព័ន្ធធារាសាស្រ្តព្រែកពោធិ មានស្ថានីយបូមទឹកបំពាក់បច្ចេកវិទ្យាទំនើប ខ្នាតធំបូមទឹកពីទន្លេ ដែលមានសក្តានុពល ក្នុងការផ្គត់ផ្គង់ទឹកលើគ្រប់វិស័យ ទាំងរដូវប្រាំង និងទាំងរដូវវស្សា ។

ក្រោមហិរញ្ញប្បទានពីធនាគារ អភិវឌ្ឍន៍អាស៊ី ធនាគាវិនិយោគសហគមន៍អឺរ៉ុប និងរដ្ឋាភិបាលនៃប្រទេសអូស្រ្តាលី DFAT និងក្រោមកិច្ចសហការយ៉ាង ជិតស្និទ្ធជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការសាងសង់ និងការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្រ្ត ព្រែកពោធិមានគោលបំណង ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ការឡើងកម្តៅនៃភពផែនដី និងធានាបាននូវសន្តិសុខទឹក សម្រាប់គ្រប់វិស័យ។

ក្រសួងធនធានទឹក និងឧតុនិយមគ្រោង បើកវគ្គបណ្តុះបណ្តាលជូនដល់មន្រ្តីរាជការពាក់ព័ន្ធទាំងអស់ និងអាជ្ញាធរដែនដី ថ្នាក់ក្រោមជាតិ គ្រប់កម្រិតអំពីវិធីសាស្រ្ត ប្រើប្រាស់ស្ថានីយបូមទឹក ដ៏ទំនើបនេះ និងរៀបចំសហគមន៍កសិករប្រើប្រាស់ទឹក (សកបទ) ដើម្បីដំណើរការប្រកប ដោយនិរន្តរភាពលើ ប្រព័ន្ធធារាសាស្រ្តនេះផងដែរ ៕

To Top