ភ្នំពេញ ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ សហភាព សហព័ន្ធយុវជនកម្ពុជា វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងកម្មសិក្សា ដោយមានក្រុមហ៊ុនធំៗចំនួន៧ ចូលរួមផ្តល់ឱកាសការងារថ្មី បន្ថែមទៀតចំនួន ៥០៥ កន្លែង ដល់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ នាថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ស្អែកនេះ។
![](https://dap-news.com/wp-content/uploads/2023/11/2F4A3411-1-1024x683.jpg)
ក្រុមហ៊ុនទាំង ៧ ដែលនឹងចូលរួមក្នុងវេទិកាការងារប្រចាំខែនាថ្ងៃទី៣០នោះរួមមាន៖ ក្រុមហ៊ុន JACCS, ក្រុមហ៊ុន Develocus Investment, ផ្សារទំនើប ម៉ាក្រូ, ធនាគារស្ថាបនា, ធនាគារឯកទេស AEON, Sokimex និងពន្លឺអលង្កការ។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
![](https://dap-news.com/wp-content/uploads/2023/11/2F4A4787-2-1024x683.jpg)
លោកស្រី ពេជ្រ ធីតា ប្រធានផ្នែកសម្ភាសន៍ និងបង្ហាត់បង្រៀន នៃផ្សារទំនើប ម៉ាក្រូ លើកឡើងថា ក្រោយពីចូលរួមក្នុង ពិព័រណ៌ការងារជាមួយ NEA ម៉ាក្រូ ទទួលបានបេក្ខជន ជាច្រើនមកដាក់ពាក្យធ្វើការ តែក៏មិនទាន់គ្រប់តម្រូវការ របស់ក្រុមហ៊ុនដែលមានភាពរីកចម្រើន និងមានការគាំទ្រពីអតិថិជនមកពីគ្រប់ទិសទីនោះដែរ។ ហើយ ក្រុមហ៊ុននៅតែបន្តសហការជាមួយ NEA ដើម្បីធ្វើការជ្រើសរើស បុគ្គលិកបន្ថែមទៀត ពិសេសនៅក្នុងវេទិកា ការងារនាថ្ងៃទី៣០ ខែវិច្ឆិកា នេះ តែម្តង។
![](https://dap-news.com/wp-content/uploads/2023/11/2F4A4708-1-1024x683.jpg)
លោកស្រីសង្ឃឹមយ៉ាងមុតមាំថា ការចូលរួមសហការ ជាមួយ NEA នេះនឹងរួមចំណែកដ៏សំខាន់ ក្នុងការជ្រើសរើសបុគ្គលិក ប្រកបដោយគុណភាព និងទាន់តម្រូវការរបស់ស្ថាប័ន និងថែមទាំងចូលរួម ចំណែក ជួយសិស្ស និស្សិត និងអ្នកកំពុងស្វែង រកការងារធ្វើឱ្យមានឱកាស ជួបសម្ភាសន៍ការងារផ្ទាល់ ជាមួយតំណាងក្រុមហ៊ុន។
![](https://dap-news.com/wp-content/uploads/2023/11/IMGL1518-1-1024x683.jpg)
លោកស្រី ពេជ្រ ធីតា បន្ថែមទៀតថា ភាពរីកចម្រើនរបស់ផ្សារទំនើបម៉ាក្រូ ក៏នាំឱ្យមានតម្រូវការបុគ្គលិកថ្មីៗជាច្រើន ដើម្បីបម្រើការងារទៅតាមផ្នែកសំខាន់ៗទៀតផងដែរ ដូច្នេះប្រសិនបើសិស្សនិស្សិត ឬអ្នកចង់ផ្លាស់ប្តូរការងារ មានបំណងចង់បានឱកាសការងារជាមួយផ្សារទំនើប ម៉ាក្រូ ត្រូវមានបុគ្គលិកលក្ខណៈរួសរាយ និងមានភាពស្មោះត្រង់ នឹងរៀបចំប្រវត្តិរូប (CV) ឱ្យបានស្អាត ដើម្បីជួបជាមួយក្រុមការងារ ។
![](https://dap-news.com/wp-content/uploads/2023/11/2F4A4097-1-1024x683.jpg)
គួរបញ្ជាក់ផងដែរថា សម្រាប់សប្តាហ៍នេះ NEA បានប្រមូល និងផ្សព្វផ្សាយឱកាស ការងារនៅក្នុងប្រទេសបានចំនួនជាង ៤ ម៉ឺនកន្លែង ។ ដូច្នេះ សម្រាប់បងប្អូន ប្រជាពលរដ្ឋ ដែលកំពុង ស្វែងរកការងារ ឬចង់ផ្លាស់ប្តូរការងារនៅ គ្រប់រាជធានី-ខេត្ត ទូទាំងប្រទេស ឬចង់ចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សូមទាក់ទងមកកាន់ NEA តាមរយៈលេខ ០១២ ៩០៦ ៦៦៤ / ០១៦៧៨៦៦៥៥ (Telegram) ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer) ៕
![](https://dap-news.com/wp-content/uploads/2023/11/2F4A4752-1-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2023/11/2F4A3479-1-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2023/11/2-JCPP_Employment-forum_30-11-2023-1-838x1024.jpg)
![](https://dap-news.com/wp-content/uploads/2023/11/2-JCPP_Employment-forum_30-11-2023-1-838x1024.jpg)
![](https://dap-news.com/wp-content/uploads/2023/11/2-JCPP_Employment-forum_30-11-2023-838x1024.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)