ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ដ្រី ស សុខា ថ្លែងអំណរគុណអាជ្ញាធរ បានចូលរួមការពារសន្ដិសុខ ក្នុងថ្ងៃបុណ្យអុំទូក

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង ប្រកបដោយស្មារតី ទទួលខុសត្រូវ ក្នុងការបំពេញតួនាទីភារកិច្ចពីសំណាក់កងកម្លាំងនគរបាលជាតិ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត និងមន្ត្រីគ្រប់លំដាប់ថ្នាក់ បានចូលរួមក្នុងការរៀបចំដឹកនាំ និងថែរក្សា ការពារសុខសុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ទាំងនៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តនានាប្រកបដោយជោគជ័យ ។

តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃ២៩ វិច្ឆិកា លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានឲ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក មានភ្ញៀវជាតិ និងអន្តរជាតិ អញ្ជើញមកទស្សនាកម្សាន្តនៅរាជធានីភ្នំពេញ យ៉ាងច្រើនសន្ធឹកសន្ធាប់ ពោរពេញដោយភាពសប្បាយរីករាយយ៉ាងក្រៃលែង ជាពិសេសទស្សនាកម្សាន្តដោយគ្មានការព្រួយបារម្ភពីភាពអសន្តិសុខអ្វីឡើយ។

ឧបនាយករដ្ឋមន្ដ្រីបន្ដថា ភាពជោគជ័យ និងភាពសប្បាយរីករាយដ៏អស្ចារ្យ នៃព្រះរាជពិធីបុណ្យអុំទូក ក៏ដូចជាព្រឹត្តិការណ៍ធំៗជាច្រើនបន្តបន្ទាប់របស់កម្ពុជា ពិតជាមិនអាចកើតមានបានទេ ប្រសិនបើប្រទេសជាតិគ្មានសុខសន្តិភាពពេញបរិបូរណ៍ គ្មានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យដូចសព្វថ្ងៃ ។

ជាមួយគ្នានេះដែរ បន្ទាប់ពីព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បញ្ចប់ទៅដោយជោគជ័យនោះ កម្ពុជា នឹងត្រូវបន្តរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត និងក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ព្រមទាំងរៀបចំពិធីបុណ្យជាតិជាបន្តបន្ទាប់។

ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា អំពាវនាវដល់កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់ចូលរួមអនុវត្តជោគជ័យរាល់បទបញ្ជា វិធានការ ផែនការ និងយុទ្ធនាការនានារបស់រាជរដ្ឋាភិបាល ព្រមទាំងបន្តជំរុញផ្សព្វផ្សាយ និងចលនាកៀរគរឲ្យមានការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” សំដៅរួមគ្នាថែរក្សាបរិយាកាសទូទៅក្នុងសង្គមបានល្អប្រសើរ បម្រើដល់ការប្រារព្ធបុណ្យប្រពៃណីជាតិ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិសំខាន់ៗ ឱ្យប្រព្រឹត្តទៅដោយរលូន ក្រោមបរិយាកាសសប្បាយរីករាយ និងសុខសន្តិភាព ៕

To Top