ភ្នំពេញ៖ វេទិកាការងាររបស់ NEA សហការជាមួយនឹង ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ចប់ទៅដោយរលូន កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ម្សិលមិញ ដោយមានបងប្អូន យុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើចំនួន ៣២៣ នាក់បានចូលរួមដាក់ពាក្យ និងសម្ភាសការងារ ។

ជាលទ្ធផល អ្នកដាក់ពាក្យចំនួន ១២៩ នាក់ទទួលបានលទ្ធផលល្អ ពីកិច្ចសម្ភាស ក្នុងនោះមានអ្នកសម្ភាស ជាប់ស្ថាពរមានចំនួន ៤នាក់ និង ១២៥ នាក់ផ្សេងទៀត សម្ភាសជាប់បឋម ហើយនឹងត្រូវទៅសម្ភាស បន្តជាមួយក្រុមហ៊ុន ដោយផ្ទាល់នាពេលឆាប់ៗ ខាងមុខនេះ។

លោក លី សីហៈ និស្សិតដែលកំពុងសិក្សា នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ជំនាញបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលបានសម្ភាស ជាប់ការងារនៅក្រុមហ៊ុន JACCS បានលើកឡើងថា កម្មវិធីវេទិកាការងារដែលរៀបចំឡើងដោយ NEA ពិតជាផ្តល់អត្ថប្រយោជន៍ខ្លាំងណាស់ ចំពោះយុវជនដែលជាសិស្សនិស្សិត ឬអ្នកកំពុងស្វែងរកការងារធ្វើ។ កម្មវិធីនេះ បានជួយដល់យុវជន ឱ្យមានឱកាសជួប សម្ភាសដោយផ្ទាល់ជាមួយតំណាង ក្រុមហ៊ុន ដែលខ្លួនស្រឡាញ់ និងពុំចាំបាច់រង់ ចាំយូរ គឺដាក់ពាក្យភ្លាម បានសម្ភាសភ្លាម និងដឹងលទ្ធផលភ្លាមៗតែម្តង ។

ក្រុមហ៊ុនទាំង ៧ ដែលបានចូលរួមក្នុងវេទិកាការងារម្សិលមិញនោះមានដូចជា៖ ក្រុមហ៊ុន JACCS, ក្រុមហ៊ុន Develocus Investment, ផ្សារទំនើប ម៉ាក្រូ, ធនាគារស្ថាបនា, ធនាគារឯកទេស AEON, Sokimex និងពន្លឺអលង្កការ។

លោក នួន ភីណាន មន្ត្រីធនធានមនុស្សធនាគារ AEON លើកឡើងថា ធនាគារ AEON តែងតែសហការជាមួយនឹង NEA មិនថាជាកម្មវិធីវេទិកាការងារ ឬកម្មវិធីផ្សេងៗជាច្រើនទៀតដូចជាពិព័រណ៌ការងារ កិច្ចសម្ភាសការងារប្រចាំខែជាដើម ព្រោះកម្មវិធីនេះបានជួយឱ្យក្រុមហ៊ុនជ្រើសរើសបុគ្គលិកដែលមានសមត្ថភាពបានច្រើន និងឆាប់រហស័។

សម្រាប់យុវជន សិស្ស/និស្សិត ដែលមិនបានចូលរួមក្នុងវេទិកាការងារម្សិលមិញ សូមមកចុះឈ្មោះស្វែងរកការងារជាមួយ NEA ដើម្បីអាចចូលរួមក្នុងព្រឹត្តិការណ៍ការងារ និងវគ្គបណ្តុះបណ្តាលផ្សេងៗ ជាច្រើនដោយឥតគិតកម្រៃ ដែលរៀបចំជា បន្តបន្ទាប់ទៀត ដោយ NEA រួមមាន ៖ វេទិកាការងារ, កិច្ចសម្ភាសន៍ការងារ , វគ្គបណ្តុះបណ្តាល អំពីការត្រៀម លក្ខណៈសម្បត្តិ ចូលទីផ្សារការងារ និង ជំនាញទន់ ដើម្បីអាចទទួលបានការងារធ្វើកាន់តែឆាប់រហ័ស។

ដើម្បីទទួលព័ត៌មានបន្ថែមអំពីការ ចូលរួមក្នុងវេទិកាការងារនាពេលក្រោយទៀត សូមទាក់ទងមជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ៕















