កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី ១ ខែធ្នូឆ្នាំ ២០២៣ នេះ នៅសាលាខេត្តកំពង់ចាម បានជួបសំណេះសំណាលជាមួយសិស្សប្រឡងមធ្យមសិក្សាទុតិយភូមិ ជាប់និទ្ទេស A ចំនួន ២៦ នាក់ ក្នុងក្រុងកំពង់ចាម ។
បើតាមលោក លី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានឲ្យដឹងថា លទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ ២០២២-២០២៣ នេះ មានបេក្ខជនប្រឡងជាង ៨ ពាន់នាក់ និងបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ៧២,៤១ % ។ ការប្រឡងនេះដែរ សម្រាប់សិស្សក្នុងខេត្តកំពង់ចាមដែលជាប់និទ្ទេស A ចំនួន ១០៣នាក់ ពោលគឺ ជាប់ចំណាត់ថ្នាក់លេខ ៤ ទូទាំងប្រទេស ។
អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ជាលទ្ធផលធ្វើឲ្យក្មួយៗ ប្រឡងបាននិទ្ទេស A បានជោគជ័យ គឺដោយសារ កត្តាច្រើនយ៉ាង ដែលក្នុងនោះមានដូចជា កត្តាទី១ គឺក្មួយៗ បានប្រឹងប្រែងខិតខំរៀនសូត្រដោយខ្លួនឯង , កត្តាទី ២ គឺការជំរុញលើកទឹកចិត្តពីឪពុកម្ដាយ ឬអាណាព្យាបាល , កត្តាទី ៣ គឺគ្រូបង្រៀនល្អ , កត្តាទី ៤ គឺអាជ្ញាធរមានសមត្ថកិច្ច ដែលបានសម្របសម្រួល អនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ថែរក្សាសន្តិសុខ ជូនប្រជាពលរដ្ឋបានល្អ , កត្តាទី ៥ សំខាន់បំផុត គឺសុខសន្តិភាព ។
ក្នុងឱកាសនោះដែរ លោកអភិបាលខេត្តបាន ផ្តាំផ្ញើរដល់សិស្សទាំងអស់ សូមឱ្យបន្តខិតខំរៀន លុះនៅពេលដែលបញ្ចប់ការសិក្សាដោយជោគជ័យ សូមក្មួយៗ យកចំណេះជំនាញ ដែលបានរៀនសូត្រ មកបម្រើការងារដើម្បីជួយអភិវឌ្ឍន៍ខេត្តកំពង់ចាម ក៏ដូចជាប្រទេសជាតិរបស់យើង ។ ជាមួយគ្នានេះ សូមក្មួយៗ ត្រូវរក្សាសុវត្ថិភាពផ្ទាល់ខ្លួន នៅពេលចេញទៅបន្តនៅថ្នាក់ឧត្តមសិក្សា ជាពិសេស សូមក្មួយៗ ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ៕


