ព័ត៌មានជាតិ

លោក ហេង សួរ ចូលរួមពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា

ភ្នំពេញ៖ លោក​ ហេង សួរ អនុប្រធានរណសិរ្សនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ បានចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (០២ ធ្នូ ១៩៧៨-០២ ធ្នូ ២០២៣) ដែលប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្ររាជធានីភ្នំពេញ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេច ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ។

រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះ នៅថ្ងៃទី៧ មករា ឆ្នាំ ១៩៧៩។

«រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» បច្ចុប្បន្នត្រូវបានដូរឈ្មោះជា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលជាអង្គការចាត់តាំងមហាជនមួយឈានមុខរបស់គណបក្សប្រជាជនកម្ពុជា បានបដិសន្ធិឡើងនៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ៕

To Top