ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាល ៖ ដាក់ឲ្យអនុវត្តផែនការ យុទ្ធសាស្ត្រជាតិ សុខភាព ជនទេសន្តរប្រវេសន៍ ឆ្លើយតបកម្មវិធី នយោបាយរាជរដ្ឋាភិបាល

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង សុខាភិបាល នៅព្រឹកថ្ងៃ៤ ធ្នូ បានអញ្ជើញ ចូលរួមក្នុង ឱកាសប្រារព្ធពិធីប្រកាស ដាក់ឱ្យអនុវត្តគោល នយោបាយជាតិ និងផែនការយុទ្ធសាស្ត្រជាតិសុខភាព ជនទេសន្តរប្រវេសន៍ឆ្នាំ២០២២-២០៣០ ។ សម្រាប់ការដាក់ចេញកម្មវិធីនេះ លោកអះអាងថា ពិតជាបានឆ្លើយតប កម្មវិធីនយោបាយ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា គឺការគាំពារដល់ប្រជាជន ក្នុងការឆ្លើយតប ចំពោះហានិភ័យសេដ្ឋកិច្ចហានិភ័យ សុខភាពសាធារណៈ។

ថ្លែងក្នុងឱកាសប្រារព្ធពិធីសាស្រ្តាចារ្យរដ្ឋមន្រ្តី មានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សម្រាប់ការកសាង និង ការពារមាតុភូមិឆ្នាំ២០២៣-២០២៨ មានគោលបំណងក្នុងការសម្រេចគោលដៅ យុទ្ធសាស្រ្តធំៗ ជាច្រើន ដោយក្នុងនោះមានវិស័យសុខាភិបាល បានកសាងប្រព័ន្ធគាំពារ សង្គមប្រកបដោយបរិយាបន្ន ប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុ ដែលធានាការគាំពារ ដល់ប្រជាជន ដើម្បីឆ្លើយតបចំពោះហានិភ័យសេដ្ឋកិច្ច ហានិភ័យសុខភាពសាធារណ: និងភាពងាយរងគ្រោះផ្សេងៗ ដែលកើតឡើងពីការប្រែប្រួល នៃលក្ខខណ្ឌការងារ និងការរស់នៅ។

លោករដ្ឋមន្រ្តីបបន្តថា ការធ្វើទេសន្ដរប្រវេសន៍ ជាចលករ ដែលបានផ្តល់ឱកាសជួយបង្កើន សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិទាំងមូល ជាមួយនឹងការងារដែលមានប្រាក់ខែខ្ពស់ ។ ការធ្វើទេសន្ដរប្រវេសន៍ ជាអន្តរជាតិ អាចជះឥទ្ធិពលជាវិជ្ជមានដល់សហគមន៍ក្នុងប្រទេសដើម តាមរយៈការបង្កើនប្រាក់ចំណូលរបស់ជនទេសន្ដរប្រវេសន៍ និងនៅក្នុងប្រទេសគោលដៅតាមរយៈការផ្លាស់ប្តូរវប្បធម៌ និងការផ្ទេរជំនាញ។ ប៉ុន្តែទេសន្ដរប្រវេសន៍ក៏បានបង្កជាបញ្ហាដល់ជនទេសន្ដរប្រវេសន៍ខ្លួនឯង និងក្រុមគ្រួសាររបស់ពួកគេ និងជាពិសេសគឺកុមារ លក្ខខណ្ឌសុខភាព និងសុវត្ថិភាពក្នុងវិស័យនានា ដែលជនទេសន្ដរប្រវេសន៍មានទំនោរទៅធ្វើការ អាចមានភាពមិនច្បាស់លាស់ និងធ្វើឲ្យភាពងាយរងគ្រោះ របស់ពួកគេមានហានិភ័យខ្ពស់។

ទន្ទឹមនឹងនេះ កម្ពុជាបានទទួលស្គាល់ និងបានរួមចំណែក ក្នុងវេទិកាជាសកល ស្តីពីការធ្វើទេសន្តរប្រវេសន៍ និងការអភិវឌ្ឍ ដោយបានប្តេជ្ញាចិត្តរួមគ្នា ជាសកលដើម្បីឆ្លើយតបជាវិជ្ជមាន ចំពោះដំណើរការនៃការធ្វើទេសន្តរប្រវេសន៍ ប្រកបដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់។ មិនតែប៉ុណ្ណោះ កម្ពុជាបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ លើការអនុវត្តគោលការណ៍ជាតិ និងអន្តរជាតិ ដើម្បីធានាការទទួលបានសេវាសុខភាពប្រកបដោយ គុណភាព និងសមធម៌ សម្រាប់ជនទេសន្តរប្រវេសន៍គ្រប់រូប សំដៅបង្កើតបរិយាកាសប្រកបដោយវឌ្ឍនភាព ផលិតភាព និងសុខភាពល្អ នៅក្នុងវដ្តនៃការធ្វើទេសន្តរប្រវេសន៍ដើម្បីចូលរួមចំណែកក្នុងការសម្រេចបានការគ្របដណ្តប់សេវាសុខភាពជាសកល។

លើសពីនេះទៅទៀត ក្រសួងសុខាភិបាលបានដាក់ចេញទស្សនវិស័យរួមគឺប្រជាជន ត្រូវមានសុខភាព សុខុមាលភាពកាន់តែប្រសើរឡើងជាលំដាប់។

ដើម្បីឆ្លើយតបចក្ខុវិស័យនេះរាជរដ្ឋាភិបាល បានដាក់ចេញគោលនយោបាយអភិវឌ្ឍតាមវិស័យ ក្នុងនោះ វិស័យសុខាភិបាលរួមមាន ការលើកកម្ពស់សុខភាពជូនប្រជាជន តាមរយៈការពង្រឹងខឿន ការពារសុខភាព ដោយបន្តអភិវឌ្ឍន៍វិស័យសុខាភិបាល សំដៅធានាឲ្យប្រជាពលរដ្ឋគ្រប់រូបរស់នៅប្រកបដោយសុវត្ថិភាព និងសុខភាពល្អ លើមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសន្តិភាពដោយផ្តោតលើគោលដៅចំបង២ គឺការពារអាយុជីវិតប្រជាពលរដ្ឋពីហានិភ័យនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងសាហាវផ្សេងទៀត និងគោលដៅទី២ គឺការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ ពិសេសពលរដ្ឋក្រីក្រ ជនងាយរងគ្រោះ ដូចជាស្រ្តី កុមារវ័យជំទង់មនុស្សចាស់ជរាជនមាន ពិការភាពតាមរយៈការពង្រឹង ភាពធន់នៃប្រព័ន្ធ សន្តិសុខសុខភាព និង ទំនើបភាវូបនីយកម្មប្រព័ន្ធ ផ្តល់សេវាថែទាំសុខភាពក្នុងដំណើរឆ្ពោះ ទៅរកការគ្របដណ្តប់ សេវាសុខភាពជាសកល។

សូមបញ្ជាក់ផងដែរថា កម្មវិធីប្រកាសដាក់ឲ្យអនុវត្តនេះ មានការចូលរួមពី លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធាន អចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស និងលោកស្រី គ្រីស្ទីនប៉ាកូ (Kristine Parco) ប្រធានបេសកកម្មអង្គការ ទេសន្តរប្រវេសន៍អន្តរជាតិ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការទីប្រឹក្សាក្រសួងសុខាភិបាល និងតំណាងក្រសួង ស្ថាប័ន តំណាងអង្គការសុខភាពពិភពលោក និងអង្គការដៃគូអភិវឌ្ឍពាក់ព័ន្ធ និងមន្រ្តីពាក់ព័ន្ធផ្សេងទៀត ៕

To Top