ព័ត៌មានជាតិ

លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង ធនធានទឹក អញ្ជើញសម្ភោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងសម្ពោធបើកការ ដ្ឋានសាងសង់ គម្រោងស្តារ និងកែលម្អឡើងវិញ នូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹក ក្រោមជំនួយអភិវឌ្ឍន៍ របស់ប្រទេសជប៉ុន

កំពង់ស្ពឺ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង ធនធានទឹក និងឧតុនិយម ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញសម្ភោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផល នៃគម្រោងស្តារ និងកែលម្អឡើងវិញនូវប្រព័ន្ធស្រោចស្រព និង ប្រព័ន្ធដោះទឹកភាគខាងលិចទន្លេសាប និងសម្ពោធបើកការដ្ឋាន សាងសង់គម្រោងស្តារ និងកែលម្អឡើងវិញ នូវប្រព័ន្ធស្រោចស្រពនិងប្រព័ន្ធដោះទឹកភាគនិរតី រាជធានីភ្នំពេញ ក្រោមជំនួយអភិវឌ្ឍន៍ របស់ប្រទេសជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិនៃប្រទេសជប៉ុន (JICA)។

សូមជម្រាបថា ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងពិធីសម្ពោធបើកការដ្ឋាននេះ មានការចូលរួមពីលោក អ៊ូអេណុ អ៉ាតស៊ូស៊ិ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃរាជរដ្ឋាភិបាលជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា លោក សានុអ៊ិ កាស៊ូមាសា ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ប្រចាំកម្ពុជា លោក វី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ តំណាងលោកអភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងតំណាងលោក អភិបាល នៃគណៈអភិបាលខេត្តតាកែវ ។

លោករដ្ឋមន្ត្រី ថោ ជេដ្ឋា ក្នុងនាមក្រសួងធនធានទឹក និងឧតុនិយម បានសម្តែងនូវការដឹងគុណ យ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលជប៉ុន ដែលបានគាំទ្រ និងបន្តជួយដល់ប្រទេសកម្ពុជា ដើម្បីអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសលើការអភិវឌ្ឍវិស័យធនធានទឹក ។ លោករដ្ឋមន្ត្រីក៏បានថ្លែងអំណរ គុណដល់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និង បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម ធ្វើឱ្យការអនុវត្តគម្រោងសម្រេច បានតាមផែនការកំណត់ ។

លោករដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ផ្តល់អាទិភាពខ្ពស់ លើវិស័យធនធានទឹក ដើម្បីឆ្លើយតបនឹង និន្នាការនាពេលបច្ចុប្បន្ន នៃការឡើងកំដៅ នៃភពផែនដី និងការប្រែប្រួលអាកាសធាតុ ដែលបានធ្វើឱ្យបញ្ហាទឹក មានសភាពកាន់តែធ្ងន់ធ្ងរ និងបានបង្ហាញយ៉ាងច្បាស់ពីវិបត្តិទឹក ដែលអាចកើតឡើងនាពេលដ៏ខ្លីខាងមុខ ។

លោករដ្ឋមន្ត្រីមានប្រសាសន៍បញ្ជាក់ថា ការស្តារ និងការជួសជុលឡើងវិញ ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹក ការបង្កើតនិងការពង្រឹង សហគមន៍កសិករប្រើប្រាស់ទឹក និងការផ្តល់សេវាផ្សព្វផ្សាយ កសិកម្មដល់ប្រជាកសិករក្នុងតំបន់គម្រោង បានធ្វើឱ្យបរិមាណនៃផលិតកម្មស្រូវ និងប្រាក់ចំណូល របស់ប្រជាកសិករ មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ និង មានជីវភាពរស់នៅកាន់តែប្រសើរឡើង ដែលស្របទៅតាមគោល នយោបាយជាតិ ស្តីពីការកាត់បន្ថយភាពក្រីក្រ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។

លោករដ្ឋមន្ត្រីបានឱ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩៣ មក ប្រទេសជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា និង JICA បានជួយគាំទ្រលើការគ្រប់គ្រង និងការអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយម ដោយផ្តោតសំខាន់ លើការសាងសង់សំណង់ការងារទឹក ដើម្បីធានាការផ្គត់ផ្គង់ទឹក សម្រាប់ការស្រោចស្រព បានគ្រប់គ្រាន់ និងទាន់ពេលវេលាជូនដល់ការងារបង្កបង្កើនផល របស់ប្រជាកសិករ និងការកសាងសមត្ថភាពបច្ចេកទេស របស់មន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ។

លោករដ្ឋមន្ត្រីមានប្រសាសន៍ថា ឆ្នាំ២០២៣ គឺជាខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលបានឈានឡើងដល់កម្រិត “ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងឆ្នាំ២០២៣”ហើយសមិទ្ធផលថ្មី នៃគម្រោងទាំងពីរ ដែលប្រារព្ធពិធីសម្ពោធក្នុងថ្ងៃតែមួយនេះ បានចូលរួមចំណែក ដល់ការធ្វើឱ្យសម្រេច បាននូវអាទិភាពគន្លឹះទី៣គឺ“ទឹក” និងបាវចនា ៥ “កំណើន ការងារ សមធម៌ ប្រសិទ្ធិភាព និងចីរភាព” នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រជាកសិករ ដែលរស់នៅក្នុងតំបន់គម្រោង សូមបន្តចូលរួមសហការ ឱ្យបានជិតស្និទ្ធ ជាមួយមន្ទីរធនធានទឹក និងឧតុនិយម ក្នុងការគ្រប់គ្រង និងការថែទាំប្រព័ន្ធធារាសាស្រ្ត ដែលបានសាងសង់រួចឱ្យមានប្រសិទ្ធភាព និងមាននិរន្តរភាព ដើម្បីធានាបាននូវការផ្គត់ផ្គង់ទឹក ឱ្យបានគ្រប់គ្រាន់ដល់ការងារដាំដុះដំណាំ កសិកម្មគ្រប់ប្រភេទ។

សូមបញ្ជាក់ថា គម្រោងស្តារ និងកែលម្អឡើងវិញនូវប្រព័ន្ធស្រោចស្រពនិងប្រព័ន្ធដោះទឹកភាគខាងលិចទន្លេសាប ស្ថិតក្នុងខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ និងបានបញ្ចប់ជាស្ថាពរនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ អាចផ្គត់ផ្គង់ទឹកស្រោចស្រពលើផ្ទៃដីស្រែសរុបចំនួន ១៣ ៣៩៣ ហិកតា អ្នកទទួលផលពីគម្រោងមានចំនួន ២៦ ៣១៨ គ្រួសារ ស្មើនឹង ៥៧ ៥៧២នាក់ និងបង្កើនទិន្នផលស្រូវពី ១,៥០តោនទៅ ៣,៦០ តោន/ហិកតា។

ដោយឡែកគម្រោងស្តារ និងកែលម្អឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ ស្ថិតក្នុងខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តតាកែវ បានចាប់ផ្តើមដំណើរការសាងសង់កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ និងគ្រោងបញ្ចប់នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ គម្រោងនេះនឹងផ្គត់ផ្គង់ទឹកស្រោចស្រពលើផ្ទៃដីស្រែ សរុបចំនួន ២៣ ៨៣១ ហិកតា អ្នកទទួលផលចំនួន ៧ ៩២៥ គ្រួសារ ស្មើនឹង ៤៤ ១៥៧នាក់ និងបង្កើនទិន្នផលស្រូវពី ២,២០តោន ទៅ ៣,៨០ តោន/ហិកតា ៕

default
default
default
To Top