ព័ត៌មានជាតិ

អតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរី កត់សម្គាល់ពីការអភិវឌ្ឍរីកចម្រើន យ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ដែលជាប្រទេស ទើបចេញផុតពីសង្គ្រាម

ភ្នំពេញ ៖ ក្នុងជំនួបសម្ដែងការគួរសមជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣លោក George Yeo Young-Boon អតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានកត់សម្គាល់អំពីការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ដែលជាប្រទេសទើបចេញចាករួចផុតពីសង្គ្រាម

ក្នុងឱកាសនៃជំនួប លោកអតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានបង្ហាញភាពរីករាយដែលលោកបានអញ្ជើញមកកាន់ទឹកដីកម្ពុជាសាជាថ្មី ព្រមជាមួយនឹងការកត់សម្គាល់អំពីការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ដែលជាប្រទេសទើបចេញចាករួចផុតពីសង្គ្រាម ។

លោកក៏បានជម្រាបសម្តេចធិបតីផងដែរ នូវចំណាប់អារម្មណ៍ក្នុងការស្វែងយល់បន្ថែមអំពីសក្តានុពលនៃវិស័យវិនិយោគ និងវិស័យមួយចំនួនទៀតនៅកម្ពុជា ជាពិសេស ការបណ្តុះបណ្តាលធនធានមនុស្ស ស្របពេលលោកបានអញ្ជើញចូលរួមធ្វើបាឋកថាជូនដល់សិក្ខាកាមនៅវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេសកម្ពុជា ។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះដំណើរបំពេញទស្សនកិច្ចរបស់អតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរី និងសហការី និងបានវាយតម្លៃខ្ពស់ចំពោះការចូលរួមធ្វើបាឋកថានៅវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេសកម្ពុជា ។

ជាមួយគ្នានេះ សម្តេចធិបតី បានថ្លែងអំណរគុណអតីតនាយករដ្ឋមន្ត្រីសិង្ហបុរី ដែលតែងបានគាំទ្រដល់តួនាទីរបស់កម្ពុជា នៅលើឆាកអន្តរជាតិ ក្នុងរយៈកាលកន្លងមក ព្រមទាំងបានលើកឡើងអំពីគោលនយោបាយ និងកម្មវិធីនយោបាយអាទិភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការបន្តអភិវឌ្ឍន៍ប្រទេស បន្ទាប់ពីទទួលបាននូវសុខសន្តិភាពពេញលេញ ចាប់តាំងពីចុងឆ្នាំ១៩៩៨ នៅក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងយុទ្ធសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ៕

To Top