ព័ត៌មានជាតិ

គិតមកទល់ពេលនេះ ! ពលរដ្ឋ ស្ម័គ្រចិត្តទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង ជិត១ម៉ឺនគ្រួសារ

រូបភាព ម៉ៅ ដារ៉ាត់

សៀមរាប ៖ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា គិតមកទល់ពេលនេះ មានប្រជាពលរដ្ឋស្ម័គ្រចិត្ត ទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក ចំនួន៥ ៨៦៥ គ្រួសារ និងតំបន់អភិវឌ្ឍន៍ពាក់ស្នែងចំនួន ៤ ០៣២គ្រួសារ សរុបទាំងអស់ចំនួន ៩ ៨៩៧ គ្រួសារ ។

នាឱកាសអញ្ជើញ ចូល រួមពិធីជួបសំណេះសំណាលជាមួយ «បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងតំបន់រុនតាឯក» ស្ថិតនៅក្នុងស្រុក បន្ទាយស្រី ខេត្តសៀមរាប ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃ៨ ធ្នូ លោកឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ បានថ្លែងថា គិតមកទល់ពេលនេះ ការដោះស្រាយបញ្ហា សំណង់លំនៅឋាន មិនរៀបរយ ក្នុងតំបន់រមណីយដ្ឋានអង្គរ និង ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ និង សំណង់អគារ នៅតំបន់អភិវឌ្ឍន៍ទាំង២នេះ បាននិងកំពុងដំណើរការល្អប្រសើរ និងទាន់ពេលវេលា ដោយសម្រេច បានលទ្ធផល ដូចជា ៖ ផ្ទៃដីសម្រាប់ធ្វើប្រទានកម្ម ជូនប្រជាពលរដ្ឋ ដែលបំពេញគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តប្តូរទី លំនៅចេញពីរមណីយដ្ឋានអង្គរ មានទំហំសរុប ២.៤៥៦ហិកតា ស្មើ ២០.៩៥២ឡូតិ៍ ក្នុងនោះ នៅតំបន់អភិវឌ្ឍន៍រុនតាឯកទំហំ ១.០៤៦ហិកតា ស្មើ ៦.៩៩៤ឡូតិ៍ និងនៅតំបន់ពាក់ស្នែងទំហំ ១.៤១០ហិកតា ស្មើ ១៤.៩៤៧ឡតិ៍។

ឧបនាយករដ្ឋមន្ដ្រីបញ្ជាក់ថា «ប្រជាពលរដ្ឋស្ម័គ្រចិត្តប្តូរទីលំនៅចេញពីតំបន់រមណីយដ្ឋានអង្គរ តំបន់១ មានចំនួន ៤ ៥៤៥ ក្បាលដី និងតំបន់២ មានចំនួន ១ ៨៦៥ ក្បាលដី ក្នុងនោះ ប្រជាពលរដ្ឋទៅតំបន់អភិវឌ្ឍន៍រុនតាឯក ចំនួន ៥ ៨៦៥ គ្រួសារ និងតំបន់អភិវឌ្ឍន៍ពាក់ស្នែង ចំនួន ៤ ០៣២ គ្រួសារ សរុបចំនួន ៩ ៨៩៧ គ្រួសារ»។

លោកឧបនាយករដ្ឋមន្ដ្រី បន្ដថា គ្រួសារប្រជាពលរដ្ឋបានចាកចេញទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯកចំនួន ៤ ៧៣០ខ្នងផ្ទះ ស្មើនឹង ៤៧,៧៩% នៃចំនួនគ្រួសារដែលបានចាប់ឆ្នោតសរុប និងបានរៀបចំរួចរាល់នូវបណ្ណកម្មសិទ្ធិចំនួន ៤ ៥៥៤បណ្ណ ត្រៀមចែកជូនប្រជាពលរដ្ឋ នាថ្ងៃនេះតែម្តង។

ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ មានជំនឿយ៉ាងមុតមាំថា ដោយមានការយកចិត្តទុកដាក់ ពីរាជរដ្ឋាភិបាល តំបន់ អភិវឌ្ឍន៍ថ្មីនេះ នឹងក្លាយជាសមិទ្ធផល ជាប្រវត្តិសាស្ត្រ និង ជាមរតកដ៏ថ្លៃថ្លា ហើយនឹងក្លាយជាបុត្រី ជនបទគំរូ ប្រកបដោយភាពសុខដុមរមនា ចីរភាព អនាគតដ៏ ត្រចះត្រចង់ ដែលប្រជាពលរដ្ឋទទួលបាន សិទ្ធិលើកម្មសិទ្ធិដីធ្លី ស្របច្បាប់ មានឱកាសសេដ្ឋកិច្ចច្រើនជាងមុន និងជីវភាពរស់នៅល្អប្រសើរជាងមុន៕

To Top