ព័ត៌មានជាតិ

កម្ពុជា ស្នើឱ្យពន្លឿន ការអនុវត្តខ្សែក្រវាត់ អភិវឌ្ឍន៍សេដ្ឋកិច្ច មេគង្គ-ឡានឆាង

រូបភាព៖ ក្រសួងការបរទេស

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៅទីក្រុងប៉េកាំង លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យពន្លឿនការអនុវត្តខ្សែក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ-ឡានឆាង ដោយសហការជាមួយច្រករបៀង ពាណិជ្ជកម្មផ្លូវគោក-ផ្លូវសមុទ្រ អន្តរជាតិថ្មី និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់​ក្រសួងការបរទេស បានឱ្យដឹងថារដ្ឋមន្រ្តីការបរទេសទាំងអស់ បានកោតសរសើរចំពោះស្ថិរភាព និងវឌ្ឍនភាពជាក់ស្តែងនៃក្របខ័ណ្ឌកិច្ចសហ ប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងរយៈពេល ៧ឆ្នាំចុងក្រោយ តាមរយៈការអនុវត្ត ប្រកបដោយប្រសិទ្ធភាពនៃ ផែនការសកម្មភាព កិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង រយៈពេល៥ឆ្នាំ (២០១៨-២០២២) និងមូលនិធី ពិសេសនៃកិច្ចសហប្រតិបត្តិការនេះ។ មូលនិធិនេះ បានគាំទ្រគម្រោងដាក់ស្តែងជាង ៧០០គម្រោង លើវិស័យ ជាច្រើនដូចជា ការអភិវឌ្ឍជនបទ ការកាត់បន្ថយភាពក្រីក្រ ធនធានទឹក កសិកម្ម សុខាភិបាល អប់រំ ការតភ្ជាប់ ផ្លូវអាកាស និងទេសចរណ៍ ដែលបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងលើកកម្ពស់សុខុមាល ភាពរបស់ប្រជាជននៅក្នុងអនុតំបន់មេគង្គ-ឡានឆាង។

លោក សុខ ចិន្តាសោភា បានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពសំខាន់ៗ ដែលធ្វើឡើងក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ជាពិសេសសមិទ្ធិផលនៃគម្រោងចំនួន ៨៩គម្រោង ដែលមានទឹកប្រាក់ជាង ៣៣ លានដុល្លារអាមេរិក ដែលគ្របដណ្តប់លើវិស័យជាច្រើនខ្លួ ប្រទេសកម្ពុជា។

ដើម្បីជំរុញអត្ថប្រយោជន៍ របស់ព្រះរាជាណាចក្រកម្ពុជាទៅមុខ លោក សុខ ចិន្តាសោភា បានស្នើឱ្យពន្លឿនការអនុវត្តខ្សែក្រវាត់អភិវឌ្ឍន៍ សេដ្ឋកិច្ច មេគង្គ-ឡានឆាង ដោយសហការជាមួយច្រករបៀង ពាណិជ្ជកម្មផ្លូវគោក-ផ្លូវសមុទ្រ អន្តរជាតិថ្មី និងភាពជាដៃគូសេដ្ឋកិ ច្ចគ្រប់ជ្រុងជ្រោយតំបន់។ ដោយសង្កត់ធ្ងន់ លើតម្រូវការស្ថិរភាពតម្លៃ ក្នុងវិស័យកសិកម្ម និងការពង្រឹងសន្តិសុខស្បៀង លោក សុច ចិន្តាសោភា បានអំពាវនាវឱ្យបង្កើន ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជាពិសេសលើវិស័យវប្បធម៌ អប់រំ សុខាភិបាល វិទ្យាសាស្ត្រ នវានុវត្តន៍ និងទេសចរណ៍៕

To Top