ព័ត៌មានជាតិ

មន្រ្តីនគរបាលចរាចរណ៍​ ៣នាក់ ឃាត់រថយន្ត​ ១គ្រឿង ល្មើសសញ្ញាចរាចរណ៍ នៅគោលដៅ​ ក្តាន់ពីរ​ ត្រូវបានកោះហៅមកសាកសួរបំភ្លឺ

ភ្នំពេញ​ ៖​ នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣​ មន្រ្តីនគរបាលចរាចរណ៍​ ចំនួន​ ៣នាក់ ដែលហៅឃាត់រថយន្ត​ ១គ្រឿង ល្មើសសញ្ញាចរាចរណ៍នៅគោលដៅ​(ក្តាន់ពីរ) ត្រូវបានកោះហៅមកសាកសួរបំភ្លឺ នៅការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោក ។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់​ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ នៅថ្ងៃទី៩​ ខែធ្នូ​ ឆ្នាំ២០២៣នេះ​ បានឱ្យដឹងថា​ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ សូមធ្វើការបំភ្លឺ ជូនសាធារណជនមេត្តាជ្រាបថា​ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយ ព័ត៌មានផុសនៅលើបណ្តាញ សង្គមជុំវិញមន្រ្តីនគរបាលចរាចរណ៍បានឃាត់រថយន្ត ០១គ្រឿង ចោទថាល្មើសសញ្ញាចរាចរណ៍ បង្កឱ្យមានការប្រកែកគ្នា រវាងអ្នកបើកបររថយន្ត និងមន្រ្តីនគរបាលចរាចរណ៍ឈរជើង នៅគោលដៅភ្លើងសញ្ញាចរាចរណ៍ (ក្តាន់ពីរ) កាលពីរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ នាំឱ្យអ្នកលេងបណ្តាញសង្គមស៊ែរ ព័ត៌មាននោះចែករំលែកតៗ គ្នាបង្កឱ្យមានការភ្ញាក់ផ្អើល ។

បន្ទាប់ពីឃើញឃ្លីបវីដេអូនេះភ្លាម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ បានបញ្ជាឱ្យលោកវរសេនីយ៍ឯក ដេ ម៉ៅ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ធ្វើការស្រាវជ្រាវ និងកោះហៅមន្ត្រីនគរបាលចរាចរណ៍ចំនួន០៣នាក់ ឱ្យចូលខ្លួនមកបំភ្លឺ ជុំវិញបញ្ហាការបង្ហោះវិដេអូនោះ ។

មន្រ្តីនគរបាលចរាចរណ៍០៣នាក់ ដែលស្ថិតក្នុងរឿង រ៉ាវបញ្ហា នៅគោលដៅភ្លើង សញ្ញាចរាចរណ៍ (ក្តាន់ពីរ) ត្រូវបានកោះហៅយកមកសាកសួរ នៅការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំការពិនិត្យ និងសុំគោលការណ៍សម្រេចពីលោស្នងការ ៕

To Top