ព័ត៌មានជាតិ

មហាសន្និបាត CPP វាយតម្លៃខ្ពស់ ចំពោះរាជរដ្ឋាភិបាល ដែលសម្រេចបាន​ លទ្ធផលការងារជាច្រើន ក្នុងរយៈពេលខ្លី

ភ្នំពេញ៖​ តាមរយៈសេចក្ដីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី៩-១០ ខែធ្នូ ឆ្នាំ២០២៣ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររបស់រាជរដ្ឋាភិបាល ក្នុងរយៈពេលដ៏ខ្លី នៃការកាន់តំណែងរបស់ខ្លួន ដោយបានសម្រេចលទ្ធផលជាច្រើន ប្រកបដោយមោទកភាព ក្នុងការថែរក្សាស្ថិរភាព សន្តិសុខ។

នាឱកាសនោះ មហាសន្និបាត គាំទ្រពេញទំហឹងចំពោះរាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ដើម្បីអនុវត្តដោយជោគជ័យ នូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលមានការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចជាស្នូល ដោយកំណត់អាទិភាពជាគន្លឹះ ចំនួន ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» សំដៅការពារ ថែរក្សា ពូនជ្រំសមិទ្ធផលជាតិ ជំរុញសន្ទុះកំណើនសេដ្ឋកិច្ច ធ្វើឱ្យប្រទេសកម្ពុជាប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យ កម្ពុជា ឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់។

ជាមួយគ្នានេះ មហាសន្និបាត បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររបស់រាជរដ្ឋាភិបាល ដែលក្នុងរយៈពេលដ៏ខ្លី នៃការកាន់តំណែងរបស់ខ្លួន បានសម្រេចលទ្ធផលជាច្រើន ប្រកបដោយមោទនភាពក្នុងការថែរក្សាស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈការជំរុញកំណើនសេដ្ឋកិច្ចនិងដោះស្រាយបញ្ហាជីវភាពរបស់ប្រជាជន។ជាពិសេសការដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោលនយោបាយអាទិភាព ទាំង ៦ ចំណុច និងវិធានការគន្លឹះទាំង ៥ ចំណុចដែលផ្តោតលើការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ, ការលើកកម្ពស់គុណភាពអប់រំ, ការលើកកម្ពស់គុណភាពសេវាសុខាភិបាល, ការពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងការពង្រឹងនិងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌។លើមូលដ្ឋានតថភាពនេះ បានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់អំពីការគិតគូរជាយុទ្ធសាស្ត្រដ៏ត្រឹមត្រូវរបស់គណបក្សក្នុងការរៀបចំកម្លាំងបន្តវេនដើម្បីដឹកនាំប្រទេសជាតិ៕

To Top