ព័ត៌មានជាតិ

វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ផ្តល់អាហារូបករណ៍​ជាង៣០០កន្លែង​ដល់យុវជនមកពីគ្រួសារក្រីក្រ

ភ្នំពេញ៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ផ្តល់អាហារូបករណ៍ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ៣៣០នាក់ ឱ្យចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសលើមុខជំនាញសំខាន់ៗចំនួន ១៦ប្រភេទ ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់វិទ្យាស្ថានកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នា២០២៣ ដែលអ្នកសារព័ត៌មានទទួលបាន។

បើតាមវិទ្យាស្ថាន ការបណ្តុះបណ្តាលជំនាញចំនួន១៦មុខមានដូចជា ការងារកំបោរ ការដំឡើងបណ្តាញបំពង់ទឹក ការដំឡើងបណ្តាញអគ្គិសនីក្នុងអាគារ ការថែទាំ និងជួសជុលរថយន្ត ការថែទាំ និងជួសជុលទោចក្រយានយន្ត ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត ការផ្សារអគ្គិសនី ការរចនាក្រាហ្វិកដោយកុំព្យូទ័រ សេវាកម្មកុំព្យូទ័រ បោះពុម្ភធៀបការ អាវ សេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន សេវាកម្មសម្អាងកាយ ការដំឡើងនិងថែទាំប្រព័ន្ធបញ្ជាម៉ូទ័រអគ្គិសនី ការចញ្ចឹម និងថែទាំត្រីប្រា បច្ចេកទេសបណ្តុះផ្សិតអំបោះ បច្ចេកទេសបណ្តុះផ្សិតចំបើង ។

វិទ្យាស្ថានបញ្ជាក់ថា ការសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះយុវជនត្រូវមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ ។ វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស វិទ្យាស្ថាននឹងផ្តល់ប្រឹក្សាយោបល់ពីការជ្រើសរើសជំនាញ និងព័ត៌មានទីផ្សារការងារ ជាពិសេសនោះគឺកន្លែងចុះកម្មសិក្សានៅតាមសហគ្រាស គ្រឹស្ថាន ឧស្សាហកម្ម និងក្រុមហ៊ុនឯកជន ។ បន្ទាប់ពីបញ្ជាប់វគ្គបណ្តុះបណ្តាលនេះយុវជននឹងទទួលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ និងឱកាសសិក្សាបន្ត ផងដែរ ។

ដោយសារតែការបណ្តុះបណ្តុះជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ ជាកម្មវិធីអាទិភាពរបស់ប្រមុខរាជរដ្ឋាភិបាលសម្រាប់ក្រុមយុវជនមកពីគ្រួសារក្រីក្រ ដូចនេះ សិក្ខាកាមដែលមានបណ្ណសមធម៌ ឬបណ្ណក្រីក្រទាំងអស់ក្រៅពីទទួលបានការសិក្សាដោយឥតគិតថ្លៃរួចហើយនោះ ក៏នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀលក្នុងមួយខែរហូតបញ្ចប់វគ្គបណ្តុះបណ្តាល។

ការប្រកាសផ្តល់អាហាររូបករណ៍ពីវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់នាពេលនេះ គឺធ្វើឡើងក្រោយពេលដែលរាជរដ្ឋាភិបាលប្រកាសដាក់ឱ្យដំណើរការកម្មវិធីបណ្តុះបណ្តាលយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន១.៥លាននាក់ដើម្បីឱ្យមានជំនាញជាក់លាក់ និងឆាប់មានការងារធ្វើសមរម្យ៕

To Top