ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយគាំទ្រដល់វិនិយោគិនជប៉ុនដែលមានបំណងវិនិយោគនៅកម្ពុជា។
ការលើកឡើងបែបនេះ គឺធ្វើឡើងក្នុងកម្មវិធីជួបជុំដែលលោករដ្ឋមន្ត្រី បានធ្វើជាអធិបតីជាមួយនិងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមពាណិជ្ជកម្មកម្ពុជាជប៉ុន (JBAC) និងសមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន(JAC)ដែលបានធ្វើឡើងនៅសណ្ឋាគារ Fairfield by Marriott ក្នុងរាជធានីភ្នំពេញនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ។
ថ្លែងនៅក្នុងកម្មវិធីនោះ លោករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនខ្នាតតូច និងមធ្យមរបស់ជប៉ុនវិនិយោគនៅកម្ពុជាដែលមានសក្តានុពលផ្នែកកម្លាំងពលកម្ម និងជំនាញដែលជាតម្រូវការរបស់អ្នកវិនិយោគជប៉ុនដើម្បីបង្កើតការងារបន្ថែមទៀតជូនប្រជាពលរដ្ឋកម្ពុជា។
បន្ថែមពីនេះ លោករដ្ឋមន្ត្រីបានរំលេចថា កម្ពុជាជប៉ុនក្រោពីទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយហើយនោះ ក៏មានទំនាក់ទំនងរវាងប្រជាជននិងប្រជាជនក៏បានដើរតួនាទីជួយជ្រួមជ្រែងទំនាក់ទំនងដែលល្អូកល្អឺនស្រាប់ឱ្យកាន់តែស្អិតរមួតជាពិសេសតាមរយៈការបណ្តុះបណ្តាលធនធាន៕













