ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រាប់ទៅកាន់ក្រុមហ៊ុនឯកជនវៀតណាមថា រាជរដ្ឋាភិបាលកម្ពុជា កំពុងដាក់ចេញនូវទិសដៅក្នុងការប្រែក្លាយ ការប្រកបរបរកសិកម្មជាលក្ខណៈគ្រួសារ ទៅជាបែបយុទ្ធសាស្ត្រ បម្រើឱ្យការនាំចេញ ។
ការលើកឡើងរបស់សម្តេចធិបតី ខាងលើនេះ ក្នុងឱកាសអនុញ្ញាតឱ្យលោក ជិន បា សឿង (Tran Ba Duong) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន TRUONG HAI GROUP CORPORATION (THACO) និងសហការី ចូលជួបសម្តែងការគួរសម នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។

ក្នុងជំនួបនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ ចំពោះការបណ្តាក់ទុនវិនិយោគ របស់ក្រុមហ៊ុនក្នុងវិស័យកសិកម្មនៅកម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងដាក់ចេញនូវទិសដៅ ក្នុងការប្រែក្លាយការប្រកបរបរកសិកម្មជាលក្ខណៈគ្រួសារ ទៅជាបែបយុទ្ធសាស្ត្រ បម្រើឱ្យការនាំចេញ ។
ក្នុងនោះសម្តេចធិបតី ក៏បានរំឭកអំពីវិធានការ មុតស្រួចមួយចំនួន ពាក់ព័ន្ធនឹងកិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគ ដែលបានដាក់ចេញ នៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលវិស័យឯកជនកំពុងជួបប្រទះ នៅក្នុងការធ្វើធុរកិច្ច ដោយសំដៅធ្វើយ៉ាងណាទាក់ទាញ និងជំរុញការវិនិយោគបន្ថែមទៀត ទាំងប្រភពក្នុងស្រុក និងមកពីបរទេស ។
ជាមួយគ្នានេះដែរ លោក ជិន បា សឿង បានជម្រាបជូន សម្តេចធិបតី អំពីសកម្មភាពអាជីវកម្ម របស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា ជាពិសេស ការដុះដំណាំហូបផ្លែ, ដំណាំឧស្សាហកម្ម, រោងចក្រកែច្នៃ និងការចិញ្ចឹមសត្វ ព្រមជាមួយនឹងទិសដៅ ក្នុងការពង្រីកការវិនិយោគបន្ថែមទៀត ដើម្បីរួមចំណែក ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារ ជូនប្រជាពលរដ្ឋកម្ពុជា ៕
