ព័ត៌មានជាតិ

សម្តេចធិបតី លើកទឹកចិត្តឱ្យធនាគារ BIDV បន្តពង្រីកវិសាលភាព និងនាំយកបច្ចេកវិទ្យាថ្មីៗ ក្នុងផ្នែកហិរញ្ញវត្ថុ មកកម្ពុជា

រូបភាពពី៖​ STPM

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើកទឹកចិត្តឱ្យធនាគារ BIDV របស់វៀតណាម បន្តពង្រីកវិសាលភាព នៃសេវាកម្ម និងនាំយកនូវបច្ចេកវិទ្យាថ្មីៗ ក្នុងផ្នែកសេវាកម្មហិរញ្ញវត្ថុ សម្រាប់ផ្តល់ជូនអតិថិជន នៅក្នុងប្រទេសកម្ពុជា ។

ការបញ្ជាក់នូវការលើកទឹកចិត្ត របស់នាយករដ្ឋមន្ត្រីចំពោះធនាគារខាងលើនេះ ធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យលោក ផាន ឌុច ទូ (Phan Duc Tu) ប្រធានក្រុមប្រឹក្សាភិបាលធនាគារវិនិយោគ និងអភិវឌ្ឍន៍វៀតណាម (BIDV) និងសហការី ចូលជួបសម្តែងការគួរសម នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី រយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។

ក្នុងជំនួបនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវការអរគុណ ចំពោះការបណ្តាក់ទុនវិនិយោគ ក្នុងវិស័យហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា ខណៈដែលក្នុងរយៈកាលកន្លងមកនេះ ធនាគារ BIDV បានទទួលជោគជ័យគួរឱ្យកត់សម្គាល់ នៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានលើកទឹកចិត្តឱ្យក្រុមហ៊ុន បន្តពង្រីកវិសាលភាព នៃសេវាកម្ម និងនាំយកនូវបច្ចេកវិទ្យាថ្មីៗ ក្នុងផ្នែកសេវាកម្មហិរញ្ញវត្ថុ សម្រាប់ផ្តល់ជូនដល់អតិថិជន នៅក្នុងប្រទេសកម្ពុជា បន្ថែមទៀត ។

ក្នុងនោះដែរ លោក ផាន ឌុច ទូ បានជម្រាបជូន សម្តេចធិបតី អំពីសកម្មភាពអាជីវកម្ម របស់ធនាគារ BIDV ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥៧ ហើយនៅក្នុងប្រទេសកម្ពុជា ធនាគារ BIDC ក៏មានសកម្មភាពអាជីវកម្មផ្សេងទៀត ក្រៅពីសេវាកម្មធនាគារ ដើម្បីគាំទ្រដល់វិស័យពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ។ លើសពីនេះ ធនាគារក៏បានចូលរួមចំណែក ក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យធនាគារ និងការផ្តល់អាហារូបករណ៍ ដល់សិស្ស-និស្សិត ផងដែរ៕

To Top