ព័ត៌មានជាតិ

លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ជួបពិភាក្សាការងារ ជាមួយប្រតិភូបេសកកម្មបារាំង ដឹកនាំដោយលោក Matthieu Le Grix ប្រធាននាយកដ្ឋាន ទទួលបន្ទុកការងារកសិកម្ម អភិវឌ្ឍន៍ជនបទ និងជីវចម្រុះ

ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និង ឧតុនិយម នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយប្រតិភូ ក្រុមបេសកកម្មបារាំង មកពីទីក្រុងប៉ារីស ដឹកនាំដោយលោក Matthieu Le Grix ប្រធាននាយកដ្ឋាន ទទួលបន្ទុកការងារកសិកម្ម អភិវឌ្ឍន៍ជនបទ និងជីវចម្រុះ រួមជាមួយលោកស្រី Alexia Hofmann ប្រធានក្រុមការងារ ទទួលបន្ទុកគម្រោង លោកស្រី Sandrin BOUCHER នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំកម្ពុជា និងលោក Selim Riveill ជំនាញការផ្នែកបរិស្ថាន និងសុវត្ថិភាពសង្គម។

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងអរគុណ ចំពោះប្រតិភូ ក្រុមបេសកកម្មបារាំង ដែលបានឆ្លៀតពេលដ៏មមាញឹក ក្នុងបេសកកម្មការងារ ដើម្បីចូលជួបសម្តែងការគួរសម និងពិភាក្សាអំពីគម្រោងអភិវឌ្ឍន៍នានា លើវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា និងបានថ្លែងអំណរគុណដល់ ទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ (AFD) ជាពិសេសសាធារណៈរដ្ឋបារាំង ដែលតែងតែជួយគាំទ្រ ដល់ប្រទេសកម្ពុជា គ្រប់កាលៈទេសៈ និយាយដោយឡែកការចូលរួម ចំណែកយ៉ាងធំធេងលើវិស័យធនធានទឹក និងឧតុនិយម ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ ប្រាប់ប្រតិភូក្រុមបេសកកម្មបារាំងថា ក្រសួងធនធានទឹក និង ឧតុនិយមកំពុងបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍ វិស័យធនធានទឹក និងឧតុនិយម ដើម្បីធានាបាននូវសុវត្ថិភាពទឹក ឆ្លើយតបទៅនឹងការ ប្រែប្រួលអាកាសធាតុ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាដែលបានកំណត់យកទឹកជាវិស័យអាទិភាពមួយក្នុងចំណោមអាទិភាពគន្លឹះចំនួន ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្មវិធីគ្រប់គ្រងធនធានទឹក និងផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជា ជំហានទី១ (WAT4CAM-1) ដែលកំពុងអនុវត្ត នៅតាមបណ្តាខេត្តមួយចំនួន បានចូលរួមចំណែកក្នុងការឆ្លើយតបទៅ នឹងបំរែបំរួលអាកាសធាតុ និងជាចលករជំរុញ ដល់កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ។ លោករដ្ឋមន្ត្រី ក៏បានលើកឡើងពីផែនការ របស់ក្រសួង ដែលបាននិងកំពុងរៀបចំផែនការយុទ្ធសាស្ត្រក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយមសម្រាប់រយៈពេល ៥ឆ្នាំខាងមុខផងដែរ ។

ក្នុងឱកាសជំនួបពិភាក្សានេះ លោករដ្ឋមន្ត្រី បានស្នើដល់ក្រុមការងារទាំងអស់សហការពន្លឿនការងារ គម្រោង WAT4CAM ជំហានទី១ ដែលកំពុងអនុវត្ត និងបានស្នើដល់ភាគីបារាំង ពិសេសទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD) ពន្លឿនបញ្ចប់ការងារ ការសិក្សាស្ទឹងស្វាយចេក ដើម្បីឱ្យភាគីទាំងពីរ កម្ពុជានិងបារាំង អាចចុះហត្ថលេខាលើឯកសារ ហិរញ្ញប្បទាន ក្នុងត្រីមាសទី១ឆ្នាំ២០២៤ ។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានសូមឱ្យភាគីបារាំង ផ្តល់ជំនួយឥតសំណង សម្រាប់ការសិក្សាគម្រោង WAT4CAM ជំហានទី២ បន្តទៀត។

លោករដ្ឋមន្ត្រីបានជម្រាបជូនភាគីបារាំង ជាពិសេសAFD ពីការចាត់តាំងក្រុមការងារ លោករដ្ឋលេខាធិការ ចាន់ យុត្ថា សម្រាប់ធ្វើកិច្ចការបន្តជាមួយ ដើម្បីពិភាក្សាអំពីការងារ និងផែនការជាអាទិភាព និងកិច្ចការងារ សហប្រតិបត្តិការ រវាងស្ថាប័នទាំងពីរ។

ប្រធានក្រុមបេសកកម្មបារាំង បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ នាពេលកន្លងមក និងបានថ្លែងនូវការកោតសរសើរ ដល់ក្រុមការងារ អនុវត្តកម្មវិធី រួមទាំងក្រុមទីប្រឹក្សាបច្ចេកទេស ដែលបានអនុវត្តប្រកបដោយប្រសិទ្ធភាព បើទោះបីជាមានបញ្ហាប្រឈមខ្លះៗ ដែលត្រូវបន្តពិភាក្សា និងដោះស្រាយ ។

ជំនួបពិភាក្សាការងារ បានបញ្ចប់ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាល ខណៈភាគីទាំងពីរបានបញ្ជាក់ នូវជំហរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីជួយអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា ឱ្យកាន់តែមានការរីកចម្រើន៕

To Top